រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទុនជិត ៦លានដុល្លារ គ្រោងវិនិយោគនៅខេត្តតាកែវ

0

ដោយ ហ្សូលី

តាកែវ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងដែលមានទំហំទុនវិនិយោគជិត ៦លាន ដុល្លារ គ្រោងនឹងវិនិយោគនៅក្នុងតំបន់ខេត្តតាកែវ បន្ទាប់ពី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC អនុម័ត នៅរសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នេះ។

គណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលចំណាយទុនប្រមាណ ៥.៨លានដុល្លារអាមេរិក ដើម្បីបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រុមហ៊ុនបង្កើតរោងចក្រនោះមានឈ្មោះថា Cambodia Wixi Jin Mao Garment CO.,LTD ដែលគ្រោងវិនិយោគនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ រោងចក្រនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ២,៩៧៤នាក់ ។

ចាប់តាំងពីដើមខែមេសា ឆ្នាំ ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ហើយ ដែលមានទឹកប្រាក់សរុបដល់ទៅ ២២៥.៥លានដុល្លារ និងអាចផ្តល់ការងារដល់ប្រជាជនខ្មែរបានចំនូួន ៧,៦២០ កន្លែង។ គម្រោងបង្កើតរោងចក្រទាំងនេះគ្របដណ្តប់ទៅលើវិស័យ សម្លៀកបំពាក់ ផលិតនិងដំឡើងបន្ទះសូឡា ផលិតសម្លៀកបំពាក់ ផ្លាស្ទិច ដែក ផលិតផលកសិផល រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀត។

ជាក់ស្តែងគម្រោងទាំងនោះវិនិយោគនៅតាមបណ្តារខេត្តដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ ខេត្តកំពង់ចាម ហើយនិងទីក្រុងភ្នំពេញដូចជានៅខណ្ឌដូនពេញ និងខណ្ឌពោធិ៍សែនជ័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here