កម្មករជាង ១៥០០០នាក់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសាលារៀនចំនួន ៣៧ខ្នង ស្មើនឹង៦៩៩បន្ទប់ សម្រាប់ដាក់កម្មករ-កម្មការិនីរោងចក្រ ជាង១៥០០០នាក់ ដែលទើបវិលត្រឡប់មកពីស្រុកកំណើតតាមបណ្តាខេត្តនានាបន្ទាប់ពីឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានការចត្តាឡីស័ក្ដ។

តាមប្រភពព័ត៌មានបឋមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 ដែលតម្រូវឱ្យកម្មករ កម្មការិនី ដែលត្រឡប់មកពីបណ្តាខេត្តចូលមករាជធានីភ្នំពេញត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការត្រៀមធ្វើចត្តាឡីស័កចំពោះកម្មករ-កម្មការិនី គឺមានធ្វើនៅតាមបណ្តាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ រួមមាន នៅខណ្ឌពោធិ៍សែនជ័យចំនួនប្រមាណ ៧២៥៨ នាក់, ខណ្ឌដង្កោ ប្រមាណ២៣៤១ នាក់, ខណ្ឌកំបូល ប្រមាណ១២៥១ នាក់, ខណ្ឌមានជ័យប្រមាណ ២១១៦ នាក់, ខណ្ឌសែនសុខ ប្រមាណ១០៦៨នាក់, ខណ្ឌព្រែកព្នៅ ប្រមាណ ៧៦ នាក់, ខណ្ឌច្បារអំពៅ ប្រមាណ ៨៧ នាក់, ខណ្ឌឬស្សីកែវប្រមាណ ១៣០២ នាក់, ខណ្ឌទួលគោក ប្រមាណ៧១នាក់, ខណ្ឌចំការមនប្រមាណ៩៥នាក់, ខណ្ឌដូនពេញប្រមាណ ២ នាក់ និងខណ្ឌជ្រោយចង្វារប្រមាណ ៦០ នាក់។

អគ្គលេខាធិការរងសមាគមកាត់ដេរកម្ពុជា (GMAC) កាំង ម៉ូលីកា បានសម្ដែងនូវការសោកស្តាយចំពោះទង្វើរបស់កម្មករ-កម្មការិនីមួយចំនួនដែលមិនចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលក្នុងការដាក់បំរាមជាកំហិតចរាចរណ៍ឆ្លងខេត្តក្នុងគ្រាដែលប្រឈមនឹងការរីករាលដាលជំងឺឆ្លង Covid-19។

តាមរយៈគណនីទំនាក់ទំនងសង្គម លោក កាំង ម៉ូលីកា បានសរសេរថា “ចូលរួមសហការទេ ពេលនេះនាំគេឯងរវល់ពេញភូមិហើយ ឯណាលុយសម្រាប់ បាយ ទឹក កន្ទេល ខ្នើយ មុង ភួយ និងសម្ភារៈ បរិក្ខាពេទ្យ? អ្នកណាខ្លះត្រូវចូលរួមរៀបចំភស្តុភារ (logistics) អោយ? បាត់ប្រាក់ខែ បាត់ចំណូលទៀត ហ៊ឹម! រង់ចាំសេចក្តីណែនាំបន្ថែមទៀតពីក្រសួងការងារ”។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់បងប្អូនកម្មករផ្សេងទៀត ដែលបន្តធ្វើការជាធម្មតាពេលបុណ្យចូលឆ្នាំខ្មែរ ដែលនឹងទទួលបានថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃជំនួសវិញផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here