ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំងឺ Covid-19 កម្ពុជា និងអន្តរជាតិមានសំណាង ដោយពួកគេមិនតម្រូវឲ្យបង់ប្រាក់ឡើយ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានបង្ហាញពីការទទួលបន្ទុក និងមានទំនួលខុសត្រូវយ៉ាងខ្ពស់ ដោយបានចំណាយថវិកាទាំងស្រុងទៅលើថ្លៃព្យាបាលអ្នកជំងឺចំរុះជាតិសាសន៍ទាំងនោះ។
ប៉ុន្តែតើកម្ពុជាត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីព្យាបាលអ្នកជំងឺទាំងនោះរហូតជាសះស្បើយ? រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវយក់ សម្បត្តិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពជំងឺ Covid-19 នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងមកថា អ្នកជំងឺដែលផ្ទុកមេរោគ Covid-19 ដែលសម្រាកព្យាបាលនៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺជាជនជាតិបរទេស ហើយមានការប្រែប្រួលទៅតាមអាការ និងការធ្វើតេស្តនៅក្នុងរង្វង់១០ទៅ១១ដង។
លោកជំទាវបានបញ្ជាក់ថា “ក្រោពេលយើងធ្វើតេស្តម្ដងឃើញមានវិជ្ជមាន គឺតម្រូវឱ្យគាត់សម្រាកនៅពេទ្យ៥-៧ ថ្ងៃ បានយើងកុងត្រូល (គ្រប់គ្រងជំងឺ)គាត់។ ចឹងពេលដែលកុងត្រូលអវិជ្ជមានលើកទី១ ក្រោយរយៈពេល ៤៨ម៉ោង យើងធ្វើកុងត្រូលលើកទី២។
ឧទាហរណ៍ ដូចជា ជនជាតិបារាំង២នាក់ប្ដីប្រពន្ធ រួមជាមួយនឹងកូនតូចអាយុ៤ខែ ដែលសម្រាកនៅមន្ទីរពេទ្យកុមារជាតិ គឺពួកគាត់ឈ្លោះគ្នា ពេលពិនិត្យឃើញឪពុកវិជ្ជមាន ម្តាយអវិជ្ជមាន ពេលម្ដាយវិជ្ជមាន ឪពុកអវិជ្ជមានម្ដង ចឹងមានន័យថា វាមានការប្រែប្រួលអាស្រ័យទៅលើកត្តានៃការរស់នៅប្រចាំថ្ងៃផងដែរ។
លោកជំទាវយក់ សម្បត្តិ បានបញ្ជាក់ទៀតថា “ជាមធ្យមនៅក្នុងការធ្វើតេស្តម្ដងនៅវិទ្យាស្ថានប៉ាស្ទ័រ គឺត្រូវចំណាយចាប់ពី១០០-១២០ ដុល្លារ ហើយប្រសិនបើគាត់ស្នាក់នៅ១០ថ្ងៃ គ្រាន់តែការធ្វើតេស្ត រួមជាមួយនឹងការព្យាបាលថ្នាំទៅតាមរោគសញ្ញា ឬគាត់គ្មានកម្លាំងត្រូវដាក់សេរ៉ូម រួមជាមួយនឹងវីតាមីនផ្សេងៗ និងចំណីអាហារប្រចាំថ្ងៃផងនោះ ដូច្នេះ សម្រាប់មនុស្សម្នាក់ត្រូវចំណាយក្នុងរង្វង់២០០០-២៥០០ដុល្លារ ក្នុងមួយករណី។
ដោយឡែកសម្រាប់ការចំណាយ ទៅលើប្រាក់ឧបត្ថម្ភបន្ថែម ពីសំណាក់រាជរដ្ឋាភិបាល ម្នាក់២០ម៉ឺនរៀលក្នុងមួយថ្ងៃ ទៅលើគ្រូពេទ្យជំនាញប្រចាំការផ្ទាល់ ដែលប្រឈមខ្ពស់ជាមួយអ្នកជំងឺជាប់ជាប្រចាំនោះ នៅមិនទាន់បូលបញ្ចូលនៅឡើយទេ។
ជាមួយនឹងការទទួលបន្ទុក ទៅលើការចំណាយទាំងស្រុង ទៅលើការព្យាបាលអ្នកជំងឺ Covid-19 របស់រដ្ឋាភិបាលកម្ពុជា ដែលជាទង្វើមនុស្សធម៌ដ៏ថ្លៃថ្លា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បច្ចុប្បន្ននេះ រដ្ឋាភិបាលបានត្រៀមថវិកាបម្រុងជាច្រើនលានដុល្លារ សម្រាប់ចំណាយរួចជាស្រេច បន្ថែមពីលើការចូលរួមបរិច្ចាកថវិកា និងធនធានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និងបណ្តាសប្បុរសជននានានៅទូទាំងប្រទេស៕