ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងសម្រេចលើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃសុក្រខាងមុខនេះ

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹង ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាសម្រេចលើច្បាប់ស្តីពី គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅថ្ងៃសុក្រខាងមុខនេះ  ខណៈបច្ចុប្បន្ននេះស្ថានភាពនៅក្នុងប្រទេសកម្ពុជា មិនទាន់អាចដាក់ប្រទេសក្នុងភាពមានអាសន្នបាននោះទេ។


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន គឺពិតជាមានភាពចាំបាច់ណាស់ក្នុង ការដាក់ប្រទេសក្នុងភាពអាសន្នសម្រាប់កម្ពុជា ព្រោះថាកម្ពុជាមិនមានច្បាប់នោះទេ។

លោកបន្តថា បច្ចុប្បន្ននេះមានប្រទេសចំនួនជាង៧០ បានដាក់ប្រទេសក្នុងភាពអាសន្ន ហើយកំពុងអនុវត្តន៍តាមបទបញ្ញាត្តិ ខណៈប្រទេសពួកគេបានជួបបញ្ហាឆ្លងជំងឺកូវីដ១៩។លោកបន្តថា ផ្ទុយទៅវិញបើសិនកម្ពុជាមិនទាន់មានច្បាប់ ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះគឺពិបាក។ គោលគំនិតនៃច្បាប់នេះគឺធ្វើយ៉ាងណា ដើម្បីស្របតាមបទបញ្ញត្តិនៃរដ្ឋមម្មនុញ្ញ

លោកជិន ម៉ាលីនបានបន្ដថា ច្បាប់នេះចាំបាច់ត្រូវមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ប៉ុន្តែពេលនេះ ដោយសារស្ថានភាពបច្ចុប្បន្ន ក៏ដូចជា ពិភពលោកបានកើតជំងឺកូវីដ១៩ រាជ រដ្ឋាភិបាលបានគិតគូរក្នុងការធ្វើច្បាប់នេះ។ លោកបន្ថែមថា បើស្ថានភាពល្អប្រសើរដូចពេលសព្វថ្ងៃនេះ មិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ព្រោះថារាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពបានល្អ។ ផ្ទុយទៅវិញច្បាប់នេះ ក៏នឹងអាចត្រូវដាក់អនុវត្តន៍នៅពេលខាងមុខព្រោះថាមិនដឹងមានអ្វីកើតឡើងនោះទេ។

លោកបន្ថែមទៀតថា បើមិនទាន់ដាក់ប្រទេសក្នុងភាពមានអាសន្នទេ ច្បាប់នេះក៏មិនទាន់យកមកអនុវត្តន៍ដែរ។ ជាមួយគ្នានេះ ច្បាប់កម្ពុជាមានភាពតឹងតែងជាងបណ្តាប្រទេសនានា ព្រោះកម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន បានគឺនឹងត្រូវលក្ខខណ្ឌ ) ប្រទេសស្ថិតក្នុងគ្រោះថ្នាក់ ) មានការឯកភាពពីប្រមុខដឹកនាំប្រទេសទាំង៣រូប រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភាឯកភាពគ្នា ទើបព្រះមហាក្សត្រទ្រង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្នត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងក្នុងសម្លេង១១៥លើ១១៥រូប កាលពីព្រឹកថ្ងៃសុក្រ ទី១០ មេសា។ ជាមួយគ្នានេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញ អនុម័តយល់ព្រមលើច្បាប់នេះកាលពីថ្ងៃទី១៧ ខែមេសា ដោយឥតកែប្រែលើសំឡេង៥៤ នៃសមាជិកព្រឹទ្ធសភាទាំងមូលដោយគ្មានសំឡេងជំទាស់ឡើយ។


សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ មាន៥ជំពូក និង១២មាត្រា និងបានចែកថា ការសម្រេចដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេល ដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពី គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

លោកជិន ម៉ាលីនបានឱ្យដឹងថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថេរវេលាមិនឲ្យលើសពី៣ខែ។ ថេរវេលានេះ អាចត្រូវប្រកាសបន្តបាន ក្នុងលក្ខខណ្ឌដូចគ្នា។ នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្នវិញ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការយ៉ាងតិច១២ចំណុច ដើម្បីឆ្លើយតបចំពោះភាពអាសន្ននោះ។

ដោយឡែក ចំពោះជនណាដែលរារាំង ដល់កិច្ចប្រតិបត្តិការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅដល់១០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌ៕

LEAVE A REPLY

Please enter your comment!
Please enter your name here