ចំណេះដឹង! អ្វី​ជា «យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគសាធារណៈ​ឆ្នាំ២០១៩-២០២៥»?

0

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បានអនុម័ត «យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​២០១៩-២០២៥» កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ និង​ប្រកាស​ដាក់ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។

យុទ្ធសាស្ត្រ​ស្តីពី ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង ការវិនិយោគ​សាធារណៈ២០១៩-២០២៥ គឺជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៃ យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ២០១៨-២០២៥ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ឯកសារ​យុទ្ធសាស្ត្រ​នេះ បានកំណត់​ក្របខ័ណ្ឌ​រួមមួយ ក្នុងការ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ពី​គ្រប់​ប្រភព​ហិរញ្ញប្បទាន (ទាំងពី​ថវិកាជាតិ, ថវិកា​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អភិវឌ្ឍន៍ និង​ទុន​វិនិយោគឯកជន តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន), និង​នៅ​គ្រប់​កម្រិត​រដ្ឋបាល (ទាំង​ថ្នាក់ជាតិ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាស​សាធារណៈ និង​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល)។

ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ ចែក​ចែកជា២ដំណាក់កាល តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​សំខាន់ៗ​មួយចំនួន ទាំង​នៅក្នុង​រយៈពេល​ខ្លី​បន្ទាន់ ចំពោះមុខ និង​រយៈពេល​មធ្យម ដោយ​ក្នុងនោះ​ក៏មាន​ទាំង​ការរៀបចំ​សេចក្តីព្រាង «អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ» ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here