ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ ។
«យុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ » ផ្តោតលើការអនុវត្តយុទ្ធសាស្ត្រ ដែលជាគោលការណ៍គន្លឹះ នៃការគ្រប់គ្រងបំណុលសាធារណៈរួមមាន៖
១) ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។
២) ខ្លីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។
សម្រាប់គោលការណ៍គន្លឹះទី៥មួយទៀត ដើម្បីបន្តពង្រឹងប្រសិទ្ធភាព ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ គឺ«ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ» ៕