ចំណេះដឹង! អ្វី​ជា​ម៉ាក​សមូហភាព?

0

ដោយ ៖ វុត្ថា

ភ្នំពេញៈ ម៉ាក​សមូហភាព គឺជា​សញ្ញា​ដែល​មើលឃើញ សំដៅ​ប្រើ​ក្នុង​ការដាក់​ពាក្យសុំ​ចុះបញ្ជី ហើយ​អាច សម្គាល់​នូវ​ប្រភពដើម​នៃ​ទំនិញ​ឬ​សេវា  ឬ​សម្គាល់​នូវ​ចរិតលក្ខណៈ​រួម​ដទៃទៀត គិត​ទាំង​គុណភាព​នៃ​ទំនិញ​ឬ​សេវា របស់​សហគ្រាសផ្សេងៗគ្នា ដែល​ប្រើ​សញ្ញា​នោះ ក្រោម​ការគ្រប់គ្រង​រប​ស់​ម្ចាស់​ម៉ាក​សមូហភាព​ដែល​បាន​ចុះបញ្ជី។

បែបបទ​នៃ​ការចុះបញ្ជី​ម៉ាក​សមូហភាព មាន​ដូចតទៅៈ​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​សមូហភាព ត្រូវ​បញ្ជាក់ថា ជា​ម៉ាក​សមូហភាព និង ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បទ​បញ្ញា​រួម​ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់​ម៉ាក​សមូហភាព​នោះ​មួយច្បាប់។ ម្ចាស់​ម៉ាក​សមូហភាព ដែល​បាន​ចុះបញ្ជី​ហើយ ត្រូវ​ជូនដំណឹង​ទៅ​មន្ត្រី​កាន់កាប់​បញ្ជី អំពី​ការផ្លាស់ប្តូរ​ទាំងឡាយ​តាម​បទបញ្ជា​ដែល​បាន​យោង​ក្នុង​ចំណុច​ខាងលើ។

មន្ត្រី​កាន់កាប់​បញ្ជី ត្រូវ​ចាត់ទុក​ការចុះបញ្ជី​ម៉ាក​សមូហ​ភាពជា​មោ​ឃៈ ប្រសិនបើ ជន​ដែល​ទាមទារ​នូវ​មោឃភាព​នោះ​បង្ហាញថា មានតែ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ម្នាក់ឯង​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​ម៉ាក​ឬ​បង្ហាញថា ម្ចាស់​ដែល​បាន​ចុះបញ្ជី​ប្រើប្រាស់​ឬ​អនុញ្ញាតឱ្យ​ប្រើប្រាស់ រំលោភ​ទៅនឹង​បទបញ្ជា​រួម ឬ​បង្ហាញថា ម្ចាស់​ដែល​បាន​ចុះបញ្ជី​អនុញ្ញាតឱ្យ​ប្រើប្រាស់​តាមរបៀប​មួយ​ដែល​បំភាន់​មជ្ឈដ្ឋាន ពាណិជ្ជកម្ម​ឬ​សាធារណជន អំពី​ប្រភពដើម ឬ​លក្ខណៈ​រួម​ផ្សេងទៀត​នៃ​ទំនិញ​ឬ​សេវា​ដែល​ពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here