ដោយវុត្ថា
ភ្នំពេញៈ ទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ គឺជាទំនិញមានចែងក្នុងបញ្ជីឧបសម្ព័ន្ធ១ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
និយមន័យ
ទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាទំនិញដែលស្ថិតក្រោមល័ក្ខខ័ណ្ឌលើការនាំចេញ ឬនាំចូលក្នុងគោលបំណងណាមួយដូចជា៖
- ការការពារសន្តិសុខជាតិ
- ការការពារសណ្តាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃសុភាវធម៌ និងសីលធម៌។
- ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬរុក្ខជាតិ
- ការការពារបេតិកភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្ត្រ ឬបុរាណវត្ថុវិទ្យា
- ការអភិរក្សធនធានធម្មជាតិ
- ការតម្រូវតាមបញ្ញត្តិនានា នៃច្បាប់ណាមួយជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
- ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ។
ការនាំចេញឬ នាំចូលទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ជាកម្មវត្ថុនៃ ៖
- ការហាមឃាត់ដាច់ខាតមិនឲ្យធ្វើការនាំចេញ ឬនាំចូល
- ការអនុញ្ញាតឲ្យនាំចេញ ឬនាំចូលដោយតម្រូវឲ្យមានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតឬវិញ្ញាបនបត្រផ្សេងៗ ព្រមទាំងឯកសារគតិយុត្តិ ដែលមានទម្រង់ប្រហាក់ប្រហែលជាមុនឬ ស្ថិតក្រោមប្រព្រឹត្តិកម្ម ដោយឡែកមួយចំនួនពីអាជ្ញាធរមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាលរួមមាន ក្រសួង ស្ថាប័ន ឬ អង្គភាពជំនាញមានសមត្ថកិច្ចពាក់ព័ន្ធស្របតាមច្បាប់ ឬ បទប្បញ្ញត្តិនានាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕