ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ​កើនឡើង ១០៦ភាគរយ រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មាន​ទំហំ​ទឹកប្រាក់ ៣,១ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង១៨,៣ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែមេសា​ឆ្នាំ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ គិត​ជា​ទឹកប្រាក់៦៨៧លាន​ដុល្លារ ទៅកាន់​ប្រទេស​ថៃ​កើនឡើង ១០៦ភាគរយ។

របាយការណ៍​បានចង្អុលបង្ហាញ​ថា ផលិតផលសំខាន់ៗរបស់​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ រួមមាន​ត្បូង និង​គ្រឿងអលង្ការ៣៤៥លាន​ដុល្លារ ផលិតផល​អាលុយមីញ៉ូម៤៥លាន​ដុល្លារ និង​ផលិតផល​កសិកម្ម១៧៣លាន​ដុល្លារ។

ជាមួយគ្នានេះដែរ​ការនាំ​ចូល​របស់​កម្ពុជា ពី​ប្រទេស​ថៃ​មាន​ទំហំ​ទឹកប្រាក់២,៤ពាន់​លាន​ដុល្លារ បាន​កើនឡើង៥,៦ ភាគរយ។ ផលិតផល​ថៃ​ដែល​នាំចូល​សំខាន់ គឺ​ប្រេងឥន្ធនៈ៤៣០លាន​ដុល្លារ រថយន្ត៣១២លាន​ដុល្លារ និង​ត្បូង និង​គ្រឿងអលង្ការ២២០លាន​ដុល្លារ។

កាលពី​ឆ្នាំមុន ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេសជិតខាង​ទាំងពីរ បាន​កើន​ឡើងដល់​ជាង៩,៤១ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង១២ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈពេលដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានកំណត់​គោលដៅ​ដើម្បី​បង្កើន​បរិមាណ​ដល់១៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០នេះ។

ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស កម្ពុជា​បាន​នាំចេញ​ទំនិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៤ ៤៣០ លាន​ដុល្លារ កើនឡើង​ជាង៧ភាគរយ ខណៈ​នៃ​ការនាំ​ចូល​មាន​ទឹកប្រាក់​សរុប​ប្រមាណ៦៧៣៦លាន​ដុល្លារ​អាមេរិក ហើយ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ និង​នាំចូល​របស់​កម្ពុជា នៅតែ​បន្ត​កំណើន​ខ្ពស់។

ជុំវិញ​និង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​តាម​និន្នាការ​សេដ្ឋកិច្ចសង្គម ជាក់ស្តែង​នៅក្នុង​រយៈពេល៤ខែ ដើមឆ្នាំ២០២០ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤ ៤៣០ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង៧,៧ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​និង​ឆ្នាំមុន។

ជារួម​ទឹកប្រាក់​នាំចេញ​នៅ​រក្សាបាន​កំណើន​ល្អ ទោះបីជា​ដៃគូ​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​សកល កំពុង​ជួប​បញ្ហា​ប្រឈម និង​ការរីកដុះដាល​នៃ​វីរុស​កូ​វីដ–១៩ នេះ​ក៏ដោយ។

ទាក់ទង​និង​ការរក្សាបាន​កំណើន​របស់​កម្ពុជា​នេះ មួយផ្នែក​កណ្តាល​មកពី​សម្រេចបាន​កំណើន​ខ្ពស់ នៃ​ទឹកប្រាក់​ការនាំចេញ នៅក្នុង​ខែមករា​បាន​កើនឡើង២៥,៤ភាគរយ និង​ខែកុម្ភៈ កើនឡើង២២,៨ភាគរយ​នៅក្នុង​ដើមឆ្នាំ​នេះ ក្នុងនោះ​បើ​ពិនិត្យ​ស្ថានភាព​ទឹកប្រាក់​នៃ​ការនាំ​ពេញ​ក្នុង​ខែមីនា និង​ខែមេសា ឆ្នាំ២០២០នេះ​វិញ កំណើន​នាំចេញ​បាន​ថមថយ​ចុះ​ក្នុង​អត្រា​អវិជ្ជមាន គឺ​ដល់ -១៥,៣ភាគរយ និង –០,៥ភាគរយ រៀង​គ្នា។

ចំណែក​ពាណិជ្ជកម្ម​នៃ​ការ​នាំចូល​វិញ នៅក្នុង​រយៈពេល​នេះដែរ ការនាំ​ចូលមក​កា ន់​ទីផ្សារ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប៦៧៣៦លាន​ដុល្លារ​អាមេរិក បាន​កើនឡើង៦,៧ភាគរយ ខណៈ​នៅក្នុង​ឆ្នាំ២០១៩ ក្នុង​រយៈពេល​ដូចគ្នា ចំនួន​នេះ​កើនឡើង​ជាង២៥ភាគរយ ក្នុងនោះ​ការ​ថមថយ​ចំនួន​ទឹកប្រាក់​នៃ​ការ​នាំចូល​នេះ បណ្តាលមកពី​ការ​ថមថយ​ទឹកប្រាក់​ការនាំ​ចូល ក្នុង​កំឡុង​ខែមីនា មក​នៅត្រឹម០,៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំមុន និង​ការធ្លាក់ចុះ​ក្នុង​អត្រា​អវិជ្ជមាន​ជិត​ដក១៤ភាគរយ​ក្នុង​ខែមេសា ជាពិសេស​ការនាំ​ចូល​ទំនិញសំខាន់ៗបាន​ធ្លាក់ចុះ រួមមាន គ្រឿងសំណង់ ផលិតផល​វាយ​ន​ភណ្ឌ (ពិសេស​ក្រណាត់) និង​គ្រឿងយន្ត​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here