អ្នកជំនាញៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននឹងទាក់ទាញការ វិនិយោគកាន់តែច្រើន

1

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនដែលរំពឹងថា នឹងត្រូវសម្រេចបានត្រឹមចុងឆ្នាំនេះ មិនគ្រាន់តែទាក់ទាញការវិនិយោគកាន់តែច្រើនទៀតទៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងការធ្វើពិពិធកម្មលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនាំចេញរបស់កម្ពុជា។


ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី៣រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន បានពីក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។

លោកបន្តថា ការកិច្ចការងារនេះសុក្រឹតជាមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង។លោកបន្តថា ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន

លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។  ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។

ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿ នពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលួនជាងមុន។

លោកបណ្ឌិតហុង វណ្ណៈបានលើកជាឧទាហរណ៍ថា ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀង ទិញស្វាយកែវរមៀតចំនួន៥០ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តរួមនៃភាគីទាំងពីរ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាង  រលួន ព្រោះវាមានងាយស្រួលជាងមុន ចំពោះដំណើរការនៃឯសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពិសេសធុរជននៃប្រទេសទាំងពីរ នឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។


ទាក់ទងនឹងពន្ធ វាពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ លោកថា ឧទាហរណ៍ វាដូចជានៅតំបន់អាស៊ានដែលមានFree Trade Area ដែលវាមានន័យថា យើងដករបាំងពន្ធគយចោល ដូច្នេះតាមដំណើរការនៃកិច្ចព្រមព្រៀងសេរីមិនជាខុសគ្នាទេ យើងអាចនឹងដករនាំងពន្ធគ យក្នុងដំណាក់កាលនៃជំហ៊ានណាមួយ ដែលស្ថិតនៅក្រោមនិតិវិធី និងការងារបច្ចេកទេស។ ជាទូទៅពាណិជ្ជកម្មសេរី គឺត្រូវដំណើរការដកពន្ធគយ ប៉ុន្តែវាអាចនៅជាប់ពន្ធអាករពិសេសទៅប្រភេទមុខទំនិញ។

ការចរចានេះភាគច្រើនផ្ដោតការយកចិត្តទុកដាក់ លើការបើកច្រកទីផ្សារសម្រាប់ទំនិញ សេវា ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងបទប្បញ្ញត្តិផ្សេងទៀត ដែលជួយបង្កើនការនាំចេញទំនិញពីប្រទេសកម្ពុជា ព្រមទាំងដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើន ពីប្រទេសចិនដែលរំពឹងថា នឹងត្រូវចុះហត្ថលេខាដោយមេដឹកនាំទាំង២ត្រឹមចុងឆ្នាំនេះ។

កម្ពុជាចិនត្រូវបានរំពឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) នៅខែនេះ បន្ទាប់ពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីពាក់កណ្តាលខែឧសភាបានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីចរចា FTAs នេះដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងធ្វើពិពិធកម្មពាណិជ្ជកម្មរបស់កម្ពុជា។

លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺចាំបាច់ណាស់ដើម្បីធ្វើសមាហរណកម្មប្រទេស ទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក លោកបន្តថា កិច្ចព្រមព្រៀងទាំងនេះ មានគោលបំណងពង្រីក និងបើកចូលទៅកាន់ទីផ្សារខាងក្រៅសម្រាប់ការនាំចេញដ៏ធំទូលាយរបស់កម្ពុជា

លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កាសែតក្នុងស្រុក១ថា គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកចរចាជាមួយភាគីចិន កំពុងតែដំណើរការចរចាជាមួយគ្នា ហើយលទ្ធផលនៃកិច្ចប្រជុំនឹងត្រូវផ្សព្វផ្សាយតាមក្រោយ៕

1 COMMENT

  1. ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន តើប្រទេសណាខ្លះដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន?​អរគុណ។​

LEAVE A REPLY

Please enter your comment!
Please enter your name here