វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដាំ​ក្បាល​ចុះ​ក្នុង​អត្រា​ដក ២,២ភាគរយ​ក្នុងឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ  វិស័យ​ឧស្សាហកម្ម​កម្ពុជា​រំពឹងទុក​ថា នឹងមាន​ការដាំ​ក្បាល​ចុះ​អត្រា​អវិជ្ជមាន២,២ភាគរយ ក្នុង​ឆ្នាំ២០២០នេះ ដោយសារ​ការធ្លាក់ចុះ​នៃ​អនុវិស័យ​កាត់ដេរ និង​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល មិនមែន​កាត់ដេរ​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​កំណើន​ខ្ពស់ ។

ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម នៅក្នុង​ឆ្នាំ២០២០នេះ តាម​ការប៉ាន់ស្មាន​បាន​ធ្លាក់​នៅក្នុង​អត្រា​អវិជ្ជមាន ខណៈ​នៅ​ឆ្នាំ២០២១ ត្រូវបាន​ព្យាករ​ថា វិស័យនេះ​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា៤,១% ដោយសារ​ការកើនឡើង​វិញ ក្នុង​កម្រិត​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល មិនមែន​កាត់ដេរ ត្រូវបាន​រំពឹងថា​នឹង​នៅ​បន្ត​កំណើន​ខ្ពស់។ នេះ​បើ​យោងតាម​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង ឆ្នាំ២០២១ សម្រាប់​ការរៀបចំ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ។

អនុវិស័យ​កាត់ដេរ​ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​ផល​អវិជ្ជមាន៦,៧% នៅក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​វិស័យនេះ​ត្រូវបាន​រំពឹងថា នឹង​ងើបឡើង​មកវិញ​ក្នុង​អត្រា១,៦% នៅក្នុង​ឆ្នាំ២០២១ ។ ចំណែក​ទាក់ទង​នឹងមាន​ផល​អវិជ្ជមាន​ក្នុង​ឆ្នាំ២០២០ នេះ បាន​ឆ្លុះបញ្ចាំង​នៃ​ការធ្លាក់ចុះ​យ៉ាងគំហុក នៃ​តម្រូវការ​ខាងក្រៅ គឺ​ដោយសារ​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ជាពិសេស​ប្រទេស​ដែលជា​ទីផ្សារ​នាំចេញ​របស់​កម្ពុជា និង​ការលុបចោល​ការបញ្ជាទិញ។

ចំណែក​នៅ​ឆ្នាំ២០២១វិញ អនុវិស័យ​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ១,៦% ដោយសារ​ការរំពឹងទុក​នៃ​ការ​ងើបឡើង​យឺត នៃ​តម្រូវការ​ខាងក្រៅ ហើយ​អនុ​វិស័យនេះ ក៏​អាច​ប្រឈម​ប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា ពី​ការដណ្តើម​ទីផ្សារ​ដែល​ទើប​ងើបឡើង​វិញ រួមទាំង​ផលប៉ះពាល់​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន​EBA លើ​មុខទំនិញ​មួយចំនួន​ជាពិសេស​ការចូល​ជា​ធរមាន នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប ។

ចំណែក​អនុវិស័យ​សំណង់​ត្រូវបាន​ប៉ាន​ស្មានថា នឹងមាន​ផល​អវិជ្ជមាន៥,៣% ក្នុង​ឆ្នាំ២០២០ នឹង​រំពឹង​ងើប​ឡើងវិញ​ជាមួយ​កំណើន​ទាប​ក្នុង​អត្រា៣,៣% ក្នុង​ឆ្នាំ២០២១ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ឆ្នាំ២០២០ អនុវិស័យ​នេះ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ដែល​មិន​ធ្លាប់មាន ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កំឡុង​ឆ្នាំ២០០៨–២០០៩ ដែល​បណ្តាលមកពី​ការរំពឹងទុក នៃ​ការធ្លាក់ចុះ​រំហូរ​ទុនវិនិយោគ​បរទេស ជាពិសេស​ពី​ប្រទេស​ចិន និង​តម្រូវ​ការសាងសង់ នៃ​អគារ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ព្រមទាំង​ការធ្លាក់ ចុះ​ទំនុកចិត្ត​អ្នកវិនិយោគ​ក្នុងស្រុក​ផងដែរ ។

របាយការណ៍​ដដែល​បាន​បន្តថា ដោយឡែក​អនុវិស័យ​កម្មន្តសាល មិនមែន​កាត់ដេរ​ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​កំណើន​ខ្ពស់​ក្នុង​អត្រា១៣,១% ក្នុង​ឆ្នាំ២០២០ និង ១០,១% ក្នុង​ឆ្នាំ២០២១ ។

ចំពោះ​ក្នុង​ឆ្នាំ២០២១ អនុវិស័យ​ទាំងនេះ​ត្រូវបាន​រំពឹងថា នឹង​បន្ត​កំណើន​ក្នុង​អត្រា ១០,១% គឺ​ដោយសារ​ការពង្រីក​មូល​ដ្ឋា​ន​ផលិតកម្ម ផលិតផល​មិនមែន​កាត់ដេរ​នៃ​វិនិយោគ​ដែលមាន​ស្រាប់ ។ ដើម្បី​ជួយ​ដល់​វិស័យនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោ​នយោបាយ​ជា​បន្តបន្ទាប់ គាំទ្រ​វិស័យ​ឯកជន ពិសេស​ការ​អ​វ​ភិ​ឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការលើកកម្ពស់​សហគ្រិន​ភាព ក្នុងការ​ជំរុញ​ធ្វើ​ពិពិធ​កម្ម ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here