ដោយវុត្ថា
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នឹងជួបពិភាក្សាគ្នាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ឡើងវិញ បន្ទាប់ពីបិទការចេញចូលមួយរយៈពេលកន្លងមកនេះ ដោយសារព្រួយបារម្ភពីការឆ្លងជំងឺ Covid-19។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើរទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានកំណត់ដើម្បីសុំជួបពិភាក្សាគ្នា នៅទីស្នាក់ការគយ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត-ខ្លងលឹក។
ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ត្រូវភាគីកម្ពុជា-ថៃ សម្រេចរួមគ្នាបិទជាបណ្ដោះអាសន្ននូវការចេញចូល លើកលែងតែការចរាចរទំនិញរថយន្ដធុនធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ Covid-19។ អាជ្ញាធរខេត្តសាកែវបានសម្រេចបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៣ ខែមីនា នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃគ្រប់កំរិតដែលស្ថិតក្នុងដែនដីខេត្តសាកែវ រួមមាន៖
ក-ច្រកទ្វារអន្តរជាតិចំនួន ២ ទីតាំង៖
១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)-ខ្លងលឹក(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលទទួលបានការអនុញ្ញាត អ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាតនិងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។
២.ច្រកអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្នទាំងស្រុង។
ខ-ច្រកទ្វារតំបន់ចំនួន 2 ទីតាំង៖ ច្រកបឹងត្រកួន(ខេត្តបន្ទាយមានជ័យ)-តាប្រាយ៉ា(ខេត្តសាកែវ) និង ច្រកម៉ាឡៃ(ខេត្តបាត់ដំបង)-បានណងព្រឺ(ខេត្តសាកែវ)។ រាល់ចរាចរណ៍ឆ្លងកាត់ច្រកទាំងពីរនេះនឹងត្រូវបានបិទទាំងស្រុង។
គ-ច្រកទ្វារទ្វេភាគីចំនួន 15 ទីតាំង រវាងខេត្តសាកែវ-ខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ-ខេត្តបាត់ដំបង នឹងត្រូវបានបិទទាំងស្រុង។
ជាមួយគ្នានេះ ក្នុងគោលដៅកាត់បន្ថយនិងរាំងខ្ទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ អាជ្ញាធរថៃនៃបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា រួមមាន ខេត្តឧប៊ុនរាជធានី ខេត្តស៊ីសាកេត ខេត្តបុរីរ៉ាំ ខេត្តច័ន្ទបុរី និងខេត្តត្រាត ក៏បានដាក់ចេញនូវវិធានការបិទជាបណ្តោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃផងដែរ៕