ដោយ វុត្ថា
ភ្នំពេញ៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញដែលបានផលិត ឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារ នាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬតំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញដោយភ្ជាប់មកជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ។ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ៖ មិនទទួលបានភាពអនុគ្រោះពន្ធ និងទទួលបានភាពអនុគ្រោះពន្ធ។
1. ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ C/O
- វិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះ ក្នុងទម្រង់ផ្សេងៗ ដែលចេញដោយកម្ពុជា។
- អាស៊ាន-អូស្ត្រាលី-ញ៉ូវហ្សីលែន៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ AANZ
- ចិន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AC
- ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AI
- កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AK
- ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AJ
- វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ S
- ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម (LDC និង LLDC): វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់A
- អត្រាពន្ធមិនអនុគ្រោះ អាចចេញបាន ដោយប្រើ វិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ N
2. របៀបដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ C/O
អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ នៅនាយកដ្ឋាន នាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម។ នីតិវិធី នៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ អាចរកបាននៅ ក្នុងប្រកាសលេខ១១២ MOC/SM 2013 ស្តីពីការកែប្រែ នីតិវិធី ចេញវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ៕