ដោយ៖ ប៊ី
ភ្នំពេញ ៖ កម្ពុជាប្រមូលចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស រួមមានពន្ធអាករលើការនាំចូល និងពន្ធអាករលើការនាំចូលសរុបបានចំនួនជាង ៩១២ ប៊ីលានរៀល ស្មើជាង ២២៨ លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២០ ។
ការប្រមូលពន្ធអាករលើការនាំចូល បានជាង ៩០៤ ប៊ីលានរៀល និងពន្ធអាករលើការនាំចូលបានចំនួនជាង ៧ ប៊ីលានរៀល។ នេះបើយោងតាមរបាយការណ៍រដ្ឋាភិបាលចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការអនុវត្តពន្ធពាណិជ្ជកម្ម ក្រៅប្រទេស នៅក្នុងខែមេសា ឆាំ្ន២០២០ កម្ពុជាអនុវត្តន៍ចំណូលពន្ធបានចំនួនជាង ១៥២ ប៊ីលានរៀល ខណៈក្នុងខែមេសា អនុវត្តន៍ការប្រមូលពន្ធប្រភេទនេះ បានត្រឹមជាង ១៣៩ ប៊ីលានរៀល។
គិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ នេះ ការប្រមូលចំណូលពន្ធលើការធ្វើពាណិជ្ជកម្មក្រៅប្រទេស អនុវត្តន៍បានជាង ៩១២ ប៊ីលានរៀល ត្រូវប្រមាណជិត ៣៣ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុដែលបានកំណត់ នៅក្នុងទំហំទឹកប្រាក់ប្រមាណ ២ ៧៦៩ ប៊ីលានរៀល ។
ជាមួយនឹងការអនុវត្តពន្ធនៃការនាំចូលនេះ ក្នុងនោះពន្ធសម្រាប់ការនាំចូលទំនិញផ្សេងៗ (លើកលែងប្រេងឥន្ធនៈ) សរុបបានប្រមាណ ៦៤២ ប៊ីលានរៀល, ពន្ធគយលើផលិតផលតេលសិលា សរុបបានជិត ១១០ ប៊ីលានរៀល អាករបន្ថែមលើផលិតផលតេលសិលាសម្រាប់ថែទាំផ្លូវថ្នល់ សរុបបានជាង ១២៥ ប៊ីលានរៀល ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ សរុបជាង ៧ប៊ីលានរៀល និងប្រភេទពន្ធនាំចូលផ្សេងៗទៀតមានចំនួនជាង ២០ប៊ីលានរៀល សរុបទាំងអស់សម្រាប់ចំណូលពន្ធលើពាណិជ្ជកម្មនាំចូល ការអនុវត្តបានប្រមាណជាង ៩០៤ ប៊ីលានរៀល។
ចំណែកពន្ធនិងអាករលើការនាំចេញ នៅក្នុងរយៈពេល៥ខែនេះដែរ ក្នុងនោះអាករលើការនាំចេញឈើ មានចំនួនជិត ២ ប៊ីលានរៀល អាករលើការនាំចេញកៅស៊ូមាន ៤,៥១ ប៊ីលានរៀល និងប្រភេទពន្ធលើការនាំចេញផ្សេងៗមាន ចំនួន ០,៨៩ ប៊ីលានរៀល សរុបលើពន្ធនិងអាករលើការនាំចេញទាំងអស់ អនុវត្តន៍បានប្រមាណ ៧,៤២ ប៊ីលានរៀល ។
នៅក្នុងរយៈពេល៥ខែនេះ កម្ពុជាអនុវត្តន៍ចំណូលក្នុងប្រទេសសរុបបានចំនួនជាង ៩ ៦៥៣ ប៊ីលានរៀល ស្មើជាង ៤០ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងនោះចំណូលក្នុងស្រុកអនុវត្តន៍បានជិត ៧ ៦៧៥ ប៊ីលានរៀល, ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស អនុវត្តន៍បានចំនួនជាង ៩១២ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធប្រមូលបាន ៩៩៩ ប៊ីលានរៀលផងដែរ៕