ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគបរទេសថ្មីៗបន្ថែមទៀត ខណៈដែលកន្លងមកនេះកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជួយសម្រួលដល់ឱកាសវិនិយោគនៅក្នុងប្រទេស និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ឱ្យមានលំនឹងនៅក្នុងវិបត្តិជំងឺ Covid-19 ដែលកំពុងរាលដាលជាសាកល។
លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ របស់រាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា ច្បាប់វិនិយោគថ្មីនេះដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើនេះ គឺក្នុងគោលបំណងទាក់ទាញវិនិយោគបន្ថែម ខណៈដែលបច្ចុប្បន្ន មានចលនារោងចក្រនៅក្នុងប្រទេស និងក្រៅប្រទេស។
លោកបន្តថា “ច្បាប់យើងនេះយើងធ្វើយ៉ាងម៉េចឱ្យមានវិស័យថ្មីៗ ដូចជាវិស័យមិនមែនជាវិស័យកាត់ដេរ ក្នុងន័យនោះវិស័យកាត់ដេរក៏យើងនៅតែទាក់ទាញ វិស័យទេសចរណ៍ក៏នៅតែទាក់ទាញ តែវិស័យផ្សេងទៀតដែលយើងមិនទាន់បានអភិវឌ្ឍន៍ យើងទាក់ទាញពួកគាត់ឱ្យវិនិយោគនៅក្នុងប្រទេស” ។
លោកបន្ថែមថា “ច្បាប់វិនិយោគថ្មីនេះផងដែរ ក៏នឹងចូលរួមដោះស្រាយបញ្ហាចាស់ដែលមានពីកន្លងមកនេះ ហើយមិនទាន់ដោះស្រាយ ហើយនៅពេលមានច្បាប់ថ្មីនេះចេញទៅយើងរំពឹងថា វានឹងផ្តល់បរិយាកាសល្អដល់ធុរកិច្ច” ។ លោកបន្តថា “ខ្ញុំគិតថា វិនិយោគិន នឹងមិនមានបញ្ហាច្រើននោះទេ នៅពេលដែលគេមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង” ។
តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះ មិនទាន់កំណត់ពេលវេលាក្នុងការបញ្ចប់នៅពេលណានោះទេ ដោយត្រូវឆ្លងទៅតាមដំណាក់ ប៉ុន្តែប្រហែលមិនយូនោះទេ ព្រោះកិច្ចការងារនេះ ជាការប្រញាប់ បើយើងនៅតែពន្យាពេលទៀត យើងមិនអាចទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតទេ នៅក្នុងអំឡុងពេលមានវិបត្តិនេះ។
សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19 ហើយសេដ្ឋកិច្ចកម្ពុជាក៏បាន និងកំពុងទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១។ ជាមួយគ្នានេះ វិធានការគាំទ្រ ចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានដាក់ជាបន្តបន្ទាប់ ដែលបានកាត់បន្ថយផលប៉ះពាល់ និងរក្សានិរន្តរភាពនៃអាជីវកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងដែរថា ដោយសារតែវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ថមថយចុះមិនធ្លាប់មានរយៈពេល២០ឆ្នាំក្នុងក្រោយនេះ ខណៈនៅឆ្នាំ២០២០នេះ រាជរដ្ឋភិបាលព្យាការណ៍ជំហានដំបូងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះ-១.៩ភាគរយ ខណៈសេដ្ឋកិច្ចពិភពលោកវិញ ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ -៥ភាគរយ។
លោកបន្តថា “ស្ទើរតែគ្រប់វិស័យបានរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ លើកលែងតែវិស័យកសិកម្ម ដែលមានចំណែកជួយសេដ្ឋកិច្ច២៥% វិស័យបច្ចេកវិទ្យា និងវិស័យផលិតអាហារ ដែលមិនរងផលប៉ះពាល់ ដោយសារដោយជំងឺCovid-19”។ លោកបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជា នៅពេលនេះគឺសេដ្ឋកិច្ចដែលខិតខំរស់ តែការរស់នេះមិនមែនចាំថ្ងៃស្លាប់នោះទេ គឺរស់ដើម្បីរង់ចាំពេលដើរ និងរត់ឡើងវិញ” ។
លោក វង្សី វិស្សុតបានបន្ថែមថា យុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលជ្រើសរើស ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច សង្គម នៅពេលនេះ គឺជាយុទ្ធសាស្ត្រ “មួយពេលរស់សិន កុំឲ្យស្លាប់” ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់អត់បាយ ស្លាប់ដោយជំងឺ Covid-19 គឺយុទ្ធសាស្ត្រយកជីវិតមនុស្សជាធំ ហើយការរស់នេះមិនមែនសំដៅរស់រង់ចាំថ្ងៃស្លាប់នោះទេ គឺរស់ដើម្បីពេលចប់ Covid-19 កម្ពុជានឹងងើបឡើងវិញ។
លោកបបញ្ជាក់ថា “យុទ្ធសាស្ត្រនេះ គឺជាយុទ្ធសាស្ត្រដែលធ្វើឡើងស្របតាមសភាពការណ៍ ប្រែប្រួលរបស់ពិភពលោក ហើយទាមទារឲ្យកម្ពុជា មានការផ្លាស់ប្តូរ កែតម្រូវឲ្យសមស្រប និងទាន់ពេលវេលា” ៕