ដោយ វុត្ថា
ភ្នំពេញៈ វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (Sanitary and Phytosanitary Certificate-SPS) ជាឯកសារចាំបាច់ សម្រាប់ការនាំចេញផ្លែឈើស្រស់ បន្លែស្រស់ រុក្ខជាតិស្រស់ ត្រី សត្វរស់ និងផលិតផល ផ្សេងទៀត ដែលតម្រូវដោយប្រទេសនាំចូល។
វិញ្ញាបនបត្រនេះបញ្ជាក់ថា ផលិតផលនាំចេញគ្មានផ្ទុកសត្វ ល្អិតបង្កជំងឺ ឬសត្វល្អិតចង្រៃដែលអាចបំផ្លាញផលដំណាំ។ អ្នកនាំចូលត្រូវទទួលខុសត្រូវ ក្នុងការបំពេញទៅតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។
ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យមាន ៖
- រុក្ខជាតិ បំណែករុក្ខជាតិ ផលិតផលរុក្ខជាតិ និងផលិតផលកែច្នៃពីផលិតផល
- រុក្ខជាតិដែលអាចជាជម្រក និងចម្លងសមាសភាពចង្រៃ
- សម្ភារវេចខ្ចប់ ឡាំងឈើ កំណាត់ឈើ ឬ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ និងឃ្លាំងសន្និធិ។
- ដីឬ ដីដែលជាប់នឹងឬស ឬ បំណែករុក្ខជាតិ
- កត្តាចង្រៃ ឬ សរីរៈមានប្រយោជន៍ រស់ ឬ ងាប់
- ផលិតផលដែលគ្មានដើមកំណើតពីរុក្ខជាតិ តែអាចជាជម្រកនៃសមាសភាពចង្រៃ។
បញ្ជីមុខទំនិញជាកម្មវត្ថុ នៃការត្រួតពិនិត្យភូតគាមអនាម័យ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល៕