ចំណេះដឹង! តើ​គួរ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬទេ?

0

ដោយៈ វុត្ថា

ភ្នំពេញៈ ចំណុច​ដែល​លោក អ្នក​គួរ​យកមក​ធ្វើការ​ពិចារណា​ថា តើ​គួរ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬ​យ៉ាងណា​នោះ ជា​កិច្ច​ចាប់ផ្តើម​លោក អ្នក​ត្រូវតែ​សួរ​សំណួរ​មួយចំនួន​ដូចជា។

ក. តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ តែងតែ​លើសពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់ខ្ញុំ​ឬទេ? ឧ​ទា​ហរ​ណ៏ ប្រសិនបើ​លោកអ្នក​ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដល់​ការនាំចេញ​សេវា ដែល​ជាប់​អាករ​តាម​អត្រា​សូន្យ​ភាគរយ លោកអ្នក​អាច​ពិចារណា​បាន​ថា អ្នកនឹង​មានបំណង​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ និង​ចំណាយ​នានា។

ខ. តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ជាប់​អាករ ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ? ប្រសិនបើ​លោក អ្នក​មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ លោក អ្នក​មិនអាច​ចេញ​វិ​ក្ក័​យ​ប័ត្រ​អាករ លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន ដែល​បាន​ចុះបញ្ជី​របស់​អ្នក​បានទេ។ ពេលនោះ​អតិថិជន​របស់​អ្នក មិនអាច​ស្នើសុំ​ឥណទាន​អាករ លើ​ធាតុ​ចូល​បានទេ។ ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ អតិថិជន​របស់​អ្នកនឹង​ត្រូវ​គិតថ្លៃ​ខ្ពស់ជាង​សព្វដង។

ក្នុងករណីនេះ គាត់​អាច​នឹង​ជ្រើសរើស​ការធ្វើ​អាជីវកម្ម ជាមួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត ហើយ​អ្នកនឹង​បាត់បង់​មុខរបរ​របស់ខ្លួន។

គ. តើ​ខ្ញុំ​ធ្វើ​អាជីវកម្ម​ជាសំខាន់​ជាមួយ​បុគ្គល​ជាប់​អាករ ដែល​មិនបាន​ចុះបញ្ជី​ឬទេ? ក្នុងករណីនេះ វា​ហាក់ដូចជា​គ្មាន​ផលប្រយោជន៍​អ្វី​ដល់​អ្នក ដើម្បី​ចុះ​ច​ញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ រហូតដល់​ពេលណា​ដែល​អ្នកមាន​ផលរបរ ដល់​កំរិត​ត្រូវ​ចុះ​ច​ញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ។

ឃ. លោក អ្នក​គួរ​យកមក​ពិចារណា​ផងដែរ​នូវ​កាតព្វកិច្ច នៃ​ការចុះបញ្ជី ៖ នៅពេលដែល​បាន​ចុះបញ្ជី​រួច អ្នក​ត្រូវ​គណនា​អាករ​លើ​ធាតុ​ចេញ លើ​ការផ្គត់ផ្គង់​ជាប់​អាករ​ទាំងអស់។ អ្នក​អាច​ស្នើសុំ​ឥណទាន​បានតែ​ចំពោះ​អាករ​លើ​ធាតុ​ចូល ដែល​អាចបែងចែក​បាន​ចំពោះ​ការផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ។

លោក អ្នក​ត្រូវដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យបាន​ទៀងទាត់ ហើយ​និង​កាន់​រក្សា​បញ្ជី​កា​គណនេយ្យ ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដា រ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា។ ប្រសិនបើ​អ្នកសម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត ត្រូវ​ភ្ជាប់​មក​ជាមួយនឹង​ទម្រង់​ពាក្យ ស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត​នៃ​អាជីវកម្ម​របស់​អ្នក និង​មូល​ហេតុដែល​មានបំណង​ចុះបញ្ជី ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការស្នើសុំ​ចុះបញ្ជី​ផង។

ប្រសិនបើ​លោក អ្នក​មិនមាន​បំណង​ចុះបញ្ជី​ក្នុងពេល​បច្ចុប្បន្ន​ទេ អ្នក​ក៏ត្រូវ​បញ្ជាក់​ពី​ហេតុផល។ ប្រសិនបើ​អ្នក​ត្រូវ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត នោះ​អ្នកនឹង​ស្ថិតក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង​រយៈពេល២ឆ្នាំ ដោយ​មិន​គិតពី​តម្លៃ​នៃ​ផលរបរ​ជាប់​អាករ នៃ​អាជីវកម្ម​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here