ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានបង្ហាញគន្លឹះ ៤ជំហានក្នុងការអនុវត្តធនាគារដីធ្លី ( Land Banking) ដើម្បីអាចចូលនិវត្តន៍ក្នុងរយៈពេល១៥ឆ្នាំខាងមុខនេះ។
លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកយកជាឧទាហរណ៍ អ្នកវិនិយោគធនាគារដីធ្លីសញ្ជាតិអាមេរិក លោក John Jacob Astor និងលោក Songsakdi បានប្រើប្រាស់យុទ្ធសាស្ត្រ Land Banking វិនិយោគរយៈពេលវែងដោយផ្តោតលើដីធ្លី ដែលមានសក្តានុពលខ្ពស់នៅតំបន់ជាយក្រុង បានជោគជ័យរហូតក្លាយជាមហាសេដ្ឋី អចលនទ្រព្យដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។
លោកបន្តថា “កម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លី មានសក្តានុពលខ្លាំងដែរ ដូច្នេះខ្ញុំជឿជាក់ថាលោកអ្នក ជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្ត្រនេះ ដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ” ។
លោកលើកជាឧទាហរណ៍ថា ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន១ខែ៥០០ដុល្លា ឬ ៦០០០ដុល្លាក្នុងឆ្នាំៗ ដើម្បីវិនិយោគលើដីធ្លី ដែលមានកំណើនតម្លៃ ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លារ ។
លោកង៉ែត ជូបានបន្ថែមថា ទ្រព្យសប្បត្តិត្រឹមកន្លះលានដុល្លាមិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បាន ប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះ ដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។ ឧទាហរណ៍ខាងលើ គ្រាន់តែជាករណីដ៏សាមញ្ញ១ ប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លារ តាមរយៈធនាគារដីធ្លី។
លោកបញ្ជាក់ថា ដើម្បីសំរេចបាននូវលទ្ធផលខាងលើនេះ អ្នកគប្បីអនុវត្តន៍នូវជំហ៊ានទាំង៤ខាងក្រោម ទី១ គឺកសាងសមត្ថភាព (building skills)៖ អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តន៍ផ្ទាល់ ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។
ទី២ ធ្វើផែនការវិនិយោគ (planning)៖ អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ក្នុងឆ្នាំៗតើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុងឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយ ដើម្បីបង្កើនលទ្ធភាពវិនិយោគ?។
ទី៣ ការបង្កើនទ្រព្យ (wealth accumulation)៖ អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តន៍តាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។
ទី៤ ការបែងចែកទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាល ដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លី ប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួន ដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំងឬអាគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។
សកម្មភាពវិនិយោគទាំងនេះ សុទ្ធតែជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀត ដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់ គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ៕