ដោយ វុត្ថា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ដំណើរការប្រព័ន្ធទូទាត់សងប្រាក់ពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ឬប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជានិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់នូវការទូទាត់សុទ្ធចុងក្រោយ លើកាតព្វកិច្ចដែលបានផាត់ទាត់ តាមរយៈប្រព័ន្ធទូទាត់រាយ និងការដកនិងទទួលមូលនិធិផ្សេងៗ របស់រតនាគារជាតិ។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា មានតែស្ថាប័នរដ្ឋនិងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះដែលអាចបើកគណនីនៅធនាគារ ជាតិនៃកម្ពុជាបាន។ឯកត្តជន និងក្រុមហ៊ុនធុរកិច្ចមិនមែនហិរញ្ញវត្ថុឯកជនផ្សេងៗ មិនអាចប្រើប្រាស់មធ្យោបាយទូទាត់របស់ធនាគារជាតិនៃកម្ពុជាឡើយ ។
ក្រៅពីការកំណត់បើកគណនីឲ្យតែរាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាពុំមានកំណត់លក្ខខ័ណ្ឌផ្សេងៗ ដើម្បីបើកគណនីនៅធនាគារជាតិនៃកម្ពុជាឡើយ ដូចជា ទំហំទ្រព្យសកម្មអប្បបរមា ឬចំនួននៃការទូទាត់ជាដើម។
ធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណទាំងអស់ តម្រូវឲ្យបើកគណនីបីប្រភេទនៅធនាគារជាតិនៃកម្ពុជា រួមមាន គណនីចរន្ត គណនីប្រាក់បម្រុងកាតព្វកិច្ច និងគណនីប្រាក់តម្កល់ធានាលើដើមទុន ។ រាល់ប្រតិបត្តិការផ្សេងៗ ដូចជា ដាក់ប្រាក់ ដកប្រាក់ឬបង្វែរគឺត្រូវធ្វើឡើងតាមរយៈគណនីចរន្ត។
ជាគោលការណ៍ ការប្រាក់មិនត្រូវបានផ្តល់ចំពោះសមតុល្យ ក្នុងគណនីចរន្តឡើយ ។ ចំពោះធនាគារពាណិជ្ជ ជាសមាជិករបស់សភាផាត់ទាត់ជាតិ ត្រូវមានគណនីដាច់ ដោយឡែកមួយផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងដំណើរការទូទាត់ហៅថា គណនីទូទាត់ ។ លើសពីនេះធនាគារជាតិ នៃកម្ពុជាក៏ផ្តល់ឥណទានវិបារូបន៍ ដល់ធនាគារជាសមាជិកសភាផាត់ទាត់ជាតិទាំងអស់ សម្រាប់ដោះស្រាយក្នុងករណី កង្វះខាតសន្ទនីយភាពសម្រាប់ការទូទាត់ជាបណ្តោះអាសន្ន៕