ដោយវុត្ថា
ភ្នំពេញៈ កម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization)ក្នុងឆ្នាំ១៩៩៤។ ក្រោយពីមានការបន្ទូរបន្តយការរិតត្បិតលក្ខខណ្ឌសមាជិកភាព ប្រទេសមានការអភិវឌ្ឍតិចតួចរបស់អង្គការនេះ ក្រោមសេចក្ដីថ្លែងការDoha Declaration ក្នុងខែវិច្ឆិកា ឆ្នាំ២០០១។
ប្រទេសកម្ពុជាបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងខែកញ្ញា ឆ្នាំ២០០៣ នៅឯសន្និសិទថ្នាក់រដ្ឋមន្ត្រី Cancun Ministerial Conference ប៉ុន្តែសមាជិកភាពនេះ មិនត្រូវបានចាប់អនុវត្តនៅឡើយមកទល់មួយឆ្នាំក្រោយ ដោយភាពជាប់គាំងនយោបាយក្រោយខែកក្កដាឆ្នាំ២០០៣ បានរារាំងមិនអោយមានការធ្វើសច្ចាប័នសមាជិកភាពនេះ។
អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥ ក្រោយពីបញ្ចប់ការចរចានៅកិច្ចប្រជុំនៅយូរ៉ូហ្គាយ (ឆ្នាំ១៩៨៦–១៩៩៤) និងជាអង្គការ ដែលប្រតិបត្តិដោយប្រើវិធាន និងកិច្ចព្រមព្រៀងជាគោល។ អង្គការ WTO មានលេខាធិការដ្ឋាននៅ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដែលមានមន្រ្តីបម្រើការងារប្រមាណ ៦៥០នាក់ និងថវិកាចំនួន១៩៧លានហ្រ្វង់ស្វីស នៅឆ្នាំ២០១៨ ដែលទទួលបានពីការបង់វិភាគទាន។
WTO បានចាប់កំណើតចេញពីកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធ និងពាណិជ្ជកម្ម ឬហៅកាត់ថាGATT ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧។ GATTមានគោលដៅ កាត់បន្ថយពន្ធ ដើម្បីជួយសម្រួលដល់ការពាណិជ្ជកម្មនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ១៩៩៥ កិច្ចព្រមព្រៀង GATTត្រូវបានជំនួស ដោយស្ថាប័នអន្តរជាតិមួយ នោះគឺអង្គការពាណិជ្ជកម្មពិភពលោក ឬគេស្គាល់ថាWTO ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋ។
បច្ចុប្បន្នអង្គការ WTO មានសមាជិកពេញសិទ្ធិចំនួន១៦៤ តំណាងឲ្យ៩៨ភាគរយនៃពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៦ ជាសមាជិក។ មានរដ្ឋាភិបាលចំនួន២៣ទៀត កំពុងសុំចូលជាសមាជិក ដែលក្នុងនោះ៨រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ៕