ដោយៈប៊ី
ភ្នំពេញៈ កម្ពុជាប្រមូលចំណូលពន្ធលើការធ្វើពាណិជ្ជកម្ម ក្រៅប្រទេសបានចំនួនជាង១០៦៩ ប៊ីលានរៀល (ប្រមាណ២៦៧លានដុល្លារ) ក្នុងឆាសទី១ ឆ្នាំ២០២០នេះ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ក្នុងការប្រមូលបន្ធ លើការធ្វើពាណិជ្ជកម្មក្រៅប្រទេស ការប្រមូលពន្ធអាករលើការនាំចូល បានជាង១ ០៦០ ប៊ីលានរៀល (ប្រមាណ២៦៥លានដុល្លារ) រួមជាមួយពន្ធ និងអាករលើការនាំចេញបានចំនួនជិត៩ប៊ីលានរៀល។
ការអនុវត្តពន្ធពាណិជ្ជកម្មក្រៅប្រទេសក្នុងខែ មិថុនា ឆ្នាំ២០២០ អង្គភាពជំនាញ ទទួលបានចំនួនជាង១៥៧ប៊ីលានរៀល ខណៈក្នុងខែឧសភា ការអនុវត្តន៍ប្រមូលពន្ធប្រភេទនេះ បានត្រឹមជាង១៥២ ប៊ីលានរៀល, ក្នុងនោះគិតក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ នេះ។
របាយការណ៍ដដែលបានឱ្យដឹងថា ការប្រមូលចំណូលពន្ធ លើការធ្វើពាណិជ្ជកម្មក្រៅប្រទេស អនុវត្តន៍បានជាង១០៦៩ ប៊ីលានរៀល ត្រូវប្រមាណជិត ៣៨% នៃច្បាប់ហិរញ្ញវត្ថុ ដែលបានកំណត់នៅក្នុងទំហំទឹកប្រាក់ប្រមាណ២៧៦៩ ប៊ីលានរៀល ក្នុងនោះពន្ធសម្រាប់ការនាំចូលទំនិញផ្សេងៗ (លើកលែងប្រេងឥន្ធនៈ) សរុបបានប្រមាណ ៧៤៥ ប៊ីលានរៀល, ពន្ធគយលើផលិតផលតេលសិលាសរុបបានជិត១៣២ ប៊ីលានរៀល, អាករបន្ថែមលើផលិតផលតេលសិលាសម្រាប់ថែទាំផ្លូវថ្នល់ សរុបបានជាង ១៥១ ប៊ីលានរៀល។
ពន្ធនាំចូលទំនិញជាវត្ថុធាតុដើម សម្រាប់ផលិតឱសថ សរុបជាង៨ប៊ីលានរៀល និងប្រភេទពន្ធនាំចូលផ្សេងៗទៀត មានចំនួនជាង២២ប៊ីលានរៀល សរុបទាំងអស់សម្រាប់ចំណូលពន្ធលើពាណិជ្ជកម្មនាំចូល ការអនុវត្តន៍បានប្រមាណជាង១០៦០ ប៊ីលានរៀល ។
នៅក្នុងរយៈពេល៦ខែនេះដែរ ក្នុងនោះអាករលើការនាំចេញឈើ មានចំនួនជិត ២,៦ ប៊ីលានរៀល អាករលើការនាំចេញកៅស៊ូមាន៤,៥៩ ប៊ីលានរៀល និងប្រភេទពន្ធលើការនាំចេញផ្សេងៗមាន ចំនួន១,៧២ ប៊ីលានរៀល សរុបលើពន្ធនិងអាករលើការនាំចេញទាំងអស់ អនុវត្តបានប្រមាណជិត ៩ប៊ីលានរៀល៕