ដោយ វុត្ថា
ភ្នំពេញៈ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ជាយន្ដការដែលមានសារៈសំខាន់បំផុត ហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្ដិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានា ដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្ដ្រ តាវកាលិកជម្ងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ។
របបនេះផ្ដោតសំខាន់ទៅលើរបបសន្ដិសុខសង្គមទាំង ៥ផ្នែកសំខាន់មានជាអាទិ៍៖
- ផ្នែកប្រាក់សោធន៖ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬមរណៈភាពរបស់មេគ្រួសារ ដែលត្រូវទទួលបានប្រាក់សោធនជរាភាព ឬប្រាក់សោធនទុព្វលភាព ឬប្រាក់សោធន ចំពោះអ្នកនៅក្នុងបន្ទុកមានប្ដី ឬប្រពន្ធនិងកូននៅក្នុងបន្ទុក ដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល។
- ធានារ៉ាប់រងហានិភ័យការងារ៖ នៅពេលដែលពួកគេមានគ្រោះថ្នាក់ នៅកន្លែងធ្វើការឬពេលធ្វើដំណើរ ពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួនឬមានជម្ងឺវិជ្ជាជីវៈ ពួកគេត្រូវទទួលបានតាវកាលិក ដែលកើតឡើងដោយគ្រោះថ្នាក់ការងារ ឬជម្ងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងារនោះ។
- របបថែទាំសុខភាព៖ នៅពេលដែលពួកគេមានជម្ងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកមាតុភាព។
- របបនិកម្មវេលា៖ ត្រូវទទួលអត្ថប្រយោជន៍ពីរបបនេះ នៅពេលដែលពួកគេពុំមានការងារធ្វើ ដោយទទួលបានប្រាក់ឧបត្ថម្ភ ក្នុងឱកាសគ្មានការងារ បណ្ដុះបណ្ដាលមុខជំនាញថ្មី ឬជួយស្វែងរកការងារធ្វើ។
- របបគ្រួសារ៖ របបនេះច្រើនតែអនុវត្តន៍ នៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋលើកទឹកចិត្តជួយផ្ដត់ផ្គង់ ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន។ ការលើកទឹកចិត្តនេះ ច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿន ដែលពុំចង់បានកូនច្រើនក្នុងគោលបំណងធានានូវស្ថិរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាម រយៈកំណើនប្រជាជនស្របតាមសូចនាករប្រជារាស្ដ្រ៕