ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អាជីវកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាជាង ៣០ ភាគរយ ត្រូវបានបើកដំណើរការឡើងវិញ ដើម្បីទទួលស្វាគមន៍ចលនាភ្ញៀវទេសចរផ្ទៃក្នុង និងបានជួយសម្រួលដល់ជីវភាព និងការលំបាកនិយោជិត និងបុគ្គលិកកំពុងបំរើការងារនៅក្នុងវិស័យនេះ។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះ ភ្ញៀវទេសចរផ្ទៃក្នុងនឹងមានការកើនឡើងបន្ថែមទៀត ដែលនឹងជំរុញឱ្យអាជីវកម្មទេសចរណ៍បន្តបើកដំណើរការឡើងវិញផងដែរ។
លោកបន្តថា នៅពេលខាងមុខនេះ បន្ទាប់ពីជំងឺ Covid-19 មានការថមថយ និងគ្រប់គ្រងបានភ្ញៀវទេសចរអន្តរជាតិនឹងមកកម្ពុជាវិញ នៅពេលនេះ សកម្មភាពអាជីវកម្ម និងកំណើនភ្ញៀវទេសចរនឹងមានភាពល្អប្រសើរ។
លោកបន្ថែមទៀតថា “ស្របពេលជាមួយគ្នានេះ មូលដ្ឋានអាជីវកម្មនានានៅក្នុងប្រទេសនឹងបើកដំណើរការទទួលភ្ញៀវទេសចរនាពេលខាងមុខ តែដំណើរការពេញលេញនូវពេលណានោះ គឺមិនទាន់ដឹងនៅឡើយទេ ខណៈដែលមិនទាន់មានវ៉ាក់សាំងការពារពីជំងឺ Covid-19 បើទោះបីប្រទេសមួយចំនួនប្រកាសបានបានរកឃើញក៏ដោយ។
លោកបញ្ជាក់ថា នៅក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំនាពលកន្លងមកនេះ ក្រសួងបានវាយតម្លៃបឋមជុំវិញថ្ងៃឈប់សម្រាកចំណូលចូលទៅក្នុងវិស័យទេសចរណ៍ប្រមាណ ១០០ លានដុល្លារអាមេរិក ហើយរំពឹងថា នាពេលខាងមុខនេះ វិស័យទេសចរណ៍នឹងទទួលបានចំណូលរហូតដល់ ៥០០ លានដុល្លារអាមេរិក បន្ទាប់ពីមានចលនាទេសចរណ៍ផ្ទៃក្នុងច្រើន ដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានបង្ហាញថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់៕