ខេត្តកំពតដាក់ផែនការអភិវឌ្ឍន៍ និងបង្កើនកំណើនទេសចរឱ្យបាន ២,៥លាននាក់។

0

ដោយ ៖ រ៉ាណេត

កំពត ៖ អនុលោមតាមគម្រោង និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តកំពតឱ្យទៅតំបន់ទេសចរណ៍ប្រណីតបែបធម្មជាតិ ដែលអាចប្រកួតប្រជែងទីផ្សារទេសចរណ៍លំដាប់អន្តរជាតិ រដ្ឋបាលខេត្តកំពតបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយយ៉ាងទូលាយពីផែនការសម្រាប់អនុវត្ត ដើម្បីអភិវឌ្ឍន៍ និងបង្កើនកំណើនទេសចរឱ្យ ២,៥លាននាក់នៅត្រឹមឆ្នាំ២០២៣។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថានៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកបានបន្តទៀតថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។

តាមរយៈផែនការអភិវឌ្ឍន៍នេះ ក៏បានចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

សម្រាប់ផែនការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខាងលើនេះ រដ្ឋបាលខេត្តបានប្ដេជ្ញាជំរុញ និងបង្កើនភាពទាក់ទាញនៃខេត្តដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររហូតដល់ចំនួន ២៥០០០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣០០,០០០នាក់ នៅឆ្នាំ២០២៣។ ដើម្បីឱ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកំណត់ខាងលើនេះ គ្រប់ភាគីពាក់ព័ន្ធ រួមមានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យអោយបានល្អរប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here