ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ នឹងត្រូវចាប់ផ្តើមធ្វើការអ៊ុតបេទីមនៅដើមសប្ដាហ៍ខែធ្នូខាងមុខនេះ ក្រោមការឯកភាពពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការឯកភាពពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រុមហ៊ុនជំនាញនឹងចាប់ផ្តើមចុះធ្វើការអ៊ុតបេទីមនៅលើផ្លូវធំៗក្នុងចំណោមផ្លូវទាំង៣៤ខ្សែជាជំហានដំបូង។
លោកអភិបាលបានបញ្ជាក់ថា “ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង៣ក្រុមហ៊ុន។ ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ត្រូវធ្វើការសំអាតខ្សែផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន ព្រមទាំងបានសំណូមពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុ ក្នុងទិសដៅបម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។
ក្រុមហ៊ុនទាំង៣ ដែលទទួលអ៊ុតបេទីម នឹងត្រូវធ្វើការបែងចែកទីតាំង និងចំនួនផ្លូវផ្សេងៗពីគ្នា រួមមាន ៖ ទី១. ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន០៥ខ្សែ។ ទី២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន១២ខ្សែ និងទី៣. ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលបានផ្លូវចំនួន១៧ខ្សែ៕