ក្រុមហ៊ុន​ថៃធំៗចំនួន៤ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ខ្នាត​យក្សនៅ​មី​យ៉ាន់​ម៉ា

0

ដោយៈ​សុខុម

អន្តរជាតិៈ​ក្រុមហ៊ុន​ថៃធំៗចំនួន៤ រួមមាន​ក្រុមហ៊ុន B.Grimm Group ក្រុមហ៊ុន Amata Corporation ក្រុមហ៊ុន PTT និង​ក្រុមហ៊ុន Global Power Synergy បាន​ចុះ​កិច្ចព្រមព្រៀង​លើ គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​ខ្នាត​យក្ស​មួយ លើ​ផ្ទៃដី​រហូតដល់​ទៅ ៨០០គីឡូ​ម៉ែត្រការ៉េ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា។

លោក​ហា​រ៉​ល លីង (Harald Link) ប្រធាន​ក្រុមហ៊ុន B.Grimm បាន​ថ្លែងថា តាម​ការរំពឹងទុក អនុស្សរណៈ​នៃ​ការយោគយល់ (MoU) មួយ​អាច​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ដើមឆ្នាំ២០២១ ដ៏​ខ្លី​ខាងមុខ។

លោក​បាន​បន្តថា “តួនាទី​សំខាន់​របស់​ក្រុមហ៊ុន B.Grimm នៅក្នុង​ការចាប់​ដៃ​សហការ​នេះ គឺ​ដំណើរការ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​មួយ នៅក្នុង​សួន​ឧស្សាហ​កម្មនេះ សម្រាប់​ផ្គត់ផ្គង់ ដល់​សួន​ឧស្សាហកម្ម​នេះ​ទាំងមូល ហើយ​សល់​ប៉ុន្មាន​លក់​ទៅឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា” ។

ទោះជា​យ៉ាងណា លោក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះឡើយ។

លោក​លើកឡើងថា អាជីវកម្ម​ផលិត​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន B.Grimm Group នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ស្វែងរក​ប្រាក់​ចំណូល ក្នុង​រយៈពេល៨ ឆ្នាំ​បន្ទាប់ ដោយ​កំណត់​គោលដៅ​ប្រាក់ចំណូល សរុប​រហូតដល់​ទៅ១៥០ពាន់​លាន​បាត (ប្រមាណ ៥ ពាន់​លាន​ដុល្លារ) នៅត្រឹម​ឆ្នាំ២០២៨ ។

នៅ​ឆ្នាំ​នេ​ចំនួន ៧០% នៃ​ប្រាក់ចំណូល​ប៉ាន់ស្មាន​សរុប​របស់​ក្រុមហ៊ុន​នេះ (៦០ ពាន់​លាន​បាត ឬ​ប្រមាណ២ពាន់​លាន​ដុល្លារ) បាន​ពី​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី B.Grimm Power Plc. ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន។

ក្រុមហ៊ុន B.Grimm ដំណើរការ​អាជីវកម្ម​ថាមពល​អគ្គិសនី ដែលមាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សរុប ៣.០១៩ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ដែល​ចែកចាយ​បន្ត​មក​ប្រទេស​កម្ពុជា​យើង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here