ដោយ វុត្ថា
ភ្នំពេញៈ ក្រុមបច្ចេកទេស នៃក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports បានបញ្ចប់ការប្តូរអំពូល នៅតាមផ្លូវរត់យន្តហោះរបស់អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុដែលមានចម្ងាយ ៣.៣០០ ម៉ែត្រ (រួមទាំងការពង្រីកបន្ថែម ៨០០ ម៉ែត្រថ្មី)ទៅជាអំពូល LED វិញ។
ក្រុមហ៊ុន Cambodia Airports ឱ្យដឹងកាលពីថ្ងៃទី ៩ ខែធ្នូ ម្សិលមិញថា នេះគឺជាផែនការប្រកបដោយមហិច្ឆតាចុងក្រោយ។ ក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports ឥឡូវនេះ បានបំលែងប្រភពពន្លឺ ដែលអាចមានទាំងអស់ទៅជា LED ។
ក្រុមហ៊ុនបន្តថា ការបំពាក់នេះគឺជាជំហានដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការកាត់បន្ថយការបញ្ចេញកាបូន នៅអាកាសយានដ្ឋានអន្តរជាតិទាំង។
អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់យន្តហោះ (Runway) ពី២.៥០០ម៉ែត្រ រហូតដល់៣.៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន។
ផ្លូវរត់យន្តហោះ (Runway) ថ្មីនេះ មានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំៗ បានដូចជា B-777-300ER ឬយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិក្នុងពិភពលោក។
ការពង្រីកផ្លូវរត់នេះ ធ្វើឱ្យអាកាសយាន្តដ្ឋាននេះ មានសមាសភាពអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER រឺយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយ ទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅចន្លោះឆ្នាំ២០១៥ និង ២០១៩ អ្នកដំណើរបានកើនឡើងពី ៩៤,០០០នាក់ ដល់ជាង១,៦លាននាក់ ហើយអាកាសយានដ្ឋានខេត្តព្រះសីហនុ មានកំណើនក្នុងតួលេខ៣ខ្ទង់ស្ទើរតែរៀងរាល់ឆ្នាំ៕