ដោយ វុត្ថា
តៃវ៉ាន់ៈ ទីក្រុងតៃប៉ិនៃកោះតៃវាន់ត្រូវបានព្យាករថា នឹងឈរនៅលំដាប់លេខរៀងទី ១១ ក្នុងការវិនិយោគអចលនទ្រព្យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២១ ។ នេះបើយោងតាមការស្ទង់មតិរួមគ្នាមួយ ដែលធ្វើឡើងដោយ PricewaterhouseCoopers (PwC) និងវិទ្យាស្ថាន Urban Land Institute ចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ស្តីពី នៅក្នុងចំណាត់ថ្នាក់កំពុងលេចធ្លោ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យអាស៊ី – ប៉ាស៊ីហ្វិកឆ្នាំ ២០២១ បញ្ជាក់ថា ទីក្រុងតៃប៉ិបានកើនឡើង៣ដងពីមួយឆ្នាំមុន ដោយឈានមកដល់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមទីក្រុងទាំង១២ ក្នុងតំបន់ ដោយផ្អែកលើកិច្ចប្រឹងប្រែងរបស់កោះតៃវ៉ាន់ ក្នុងការទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតជំងឺកូវីដ១៩ ។
របាយការណ៍ដដែលបន្តថា “បញ្ហានេះបានធ្វើឱ្យទីក្រុងអាស៊ីមួយនេះ មានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាព ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញសកលលោក” ។
PwC បានឱ្យដឹងទៀតថា ទីក្រុងតៃប៉ិទទួលបាននូវលំហូរសាច់ប្រាក់ និងការវិនិយោគ នៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង ត្រូវបានទទួលស្គាល់ដោយវិនិយោគិនជាច្រើន។ PwC បន្តថា ប្រាកដណាស់ នៅក្នុងទីក្រុងអាស៊ីប៉ាស៊ីហ្វិកមួយចំនួនតូច ដែលផលប៉ះពាល់ពីជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន បានធ្វើឱ្យតម្រូវការមានតិចតួច ប៉ុន្តែសម្រាប់ទីក្រុងតៃប៉ិវិញ ទីផ្សារអចលនទ្រព្យនៅតែរឹងមាំ។
បើទោះបីជាការរាតត្បាតជំងឺកូវីដ១៩ បានបណ្តាលឱ្យការធ្លាក់ចុះ នៃទីផ្សារអចលនទ្រព្យ នៅក្នុងទីក្រុងមួយចំនួននៅក្នុងប្រទេសចិន ឥណ្ឌា និងអូស្ត្រាលីក៏ដោយ ក៏កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង និងជប៉ុនមានភាពប្រសើរជាង។
បើយោងតាម PwC បានបញ្ជាក់ថា វាជាការស្ទង់មតិប្រចាំឆ្នាំលើកទី១៥ នៃនិន្នាការកំពុងរីកចម្រើន នៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីក្រុងតៃប៉ិស្ថិតនៅបាតតារាងចំណាត់ថ្នាក់២២ ក្នុងឆ្នាំ ២០១៧ និង ២០១៨ និងជាប់ចំណាត់ថ្នាក់លេខ ២១នៅឆ្នាំ២០១៩ មុននឹងដណ្តើមយកចំណាត់ថ្នាក់ទី១៤ នៅឆ្នាំ ២០២០ និងលេខ ១១ នៅឆ្នាំ២០២១នេះ ។
លោក Jason Liu ប្រធានផ្នែកសេវាកម្មអចលនទ្រព្យរបស់ PwC Taiwan បានឱ្យដឹងថា វិនិយោគិនតៃវ៉ាន់កាន់តែច្រើន ជាមួយនឹងប្រតិបត្ដិការនៅក្រៅប្រទេស បានត្រឡប់ទៅទីក្រុងខ្លួនវិញ បានធ្វើវិស័អចលនទ្រព្យនៅតៃវ៉ាន់មានការរីកចំរើន។
លោកបន្តថា “ការជំរុញរបស់រដ្ឋាភិបាលតៃវ៉ាន់ ចំពោះការកែលម្អទីក្រុងលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ក៏បានធ្វើឱ្យវិស័យនេះមានការរីកចំរើន ទាំំងនៅកណ្តាលទីក្រុង និងភាគខាងត្បូងនៃកោះតៃវ៉ាន់” ៕