ដោយវុត្ថា
ភ្នំពេញៈ ជាទូទៅកិច្ចសន្យាគឺជាច្បាប់របស់គូភាគី ដែលបានសន្យាគ្នាទៅវិញទៅមក ឬជាកាសន្យារបស់ភាគីម្ចាងទៅភាគីម្ខាងទៀត ក្នុងគោលបំណងជាការផ្លាស់ប្តូរប្រយោជន៍ទៅវិញទៅមក។
ដើម្បីធ្វើកិច្ចសន្យាមួយ ទៅជាកិច្ចសន្យាដែលមានសុពលភាពអាចអនុវត្តបាន ឬជាកិច្ចសន្យា ដែលជាគោលការណ៍ទទួលស្គាល់ដោយច្បាប់ ដែលភាគីនីមួយៗនាំអោយកិច្ចសន្យាត្រូវតែគោរពនូវលក្ខខណ្ឌចំបងៗដូចជា៖
១) ឆន្ទៈរបស់គូភាគី
កិច្ចសន្យា ឬការសន្យាណាក៏ដោយ ក៏ត្រូវតែធ្វើឡើងដោយឆន្ទះរបស់គូភាគី ពោលគឺត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីសំណាក់ភាគី នៃកិច្ចសន្យាឬជនទីបីដែលពាក់ព័ន្ធ នឹងផលប្រយោជន៍ក្នុងកិច្ចសន្យានោះទេ។ ម្យ៉ាងទៀតច្បាប់ក៏មិនអាចយកជាការបានដែរ នៅពេលដែលភាគីណាម្នាក់ចុះកិច្ចសន្យា ដោយកាលៈទេសៈ ឬស្ថានភាពសេដ្ឋកិច្ចណាមួយមកបង្ខំ។
២) កម្មវត្ថុនៃកិច្ចសន្យា
ដើម្បីធ្វើកិច្ចសន្យាមួយបាន លុះត្រាតែកិច្ចសន្យានោះធ្វើឡើង ដោយមានកម្មវត្ថុច្បាស់លាស់ និងជាកម្មវត្ថុដែលស្ថិកក្នុងពាណិជ្ជកម្ម ពោលគឺជាកម្មវត្ថុដែលច្បាប់អនុញ្ញាតអោយមានការរកស៊ី ជួញដូរបានក្នុងទីផ្សារ។ ភាគីមិនអាចចុះកិច្ចសន្យា ទិញគ្រឿងញាណ កិច្ចសន្យាផ្ទាល់បាល់ ប្រដាល់ឬជលមាន់ គឺជាកិច្ចសន្យាដែលមានកម្មវត្ថុក្រៅកិច្ចសន្យា ពោលគឺវាត្រូវបានហាមឃាត់ដោយច្បាប់។
៣) សមត្ថភាពរបស់គូភាគី
បុគ្គលដែលជាអ្នកធ្វើកិច្ចសន្យា គឺត្រូវតែជាបុគ្គលដែលមានសមត្ថភាព ដែលទទួលស្គាល់ដោយច្បាប់ ពោលគឺជាភាគី ឬបុគ្គល ដែលមានមនុស្សមានស្មារតីត្រឹមត្រូវ មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងជាបុគ្គលដែលត្រូវបានអនុញ្ញាតដោយច្បាប់ថាពិតជាមានសមត្ថភាពក្នុងការចុះកិច្ចសន្យាបាន។
ក្នុងករណីនេះ មនុស្សដែលមានវិប្បល្លាស់ស្មារតី និងមនុស្សចាស់ជរាវង្វេងម្តងម្កាល គឺមិនអាចចាតុទុកថា ជាមនុស្សដែលមានសមត្ថភាពដើម្បីចុះកិច្ចសន្យាបានទេ។
សរុបសេចក្តីមក កិច្ចសន្យាប្រភេទណាក៏ដោយ គឺត្រូវតែគោរពគោលការទាំងបីនេះ ពីព្រោះវាគឺជាគោលការណ៍គ្រិៈដែលគ្រប់ភាគី នៃកិច្ចសន្យាត្រូវតែមានជាដាច់ខាតនៅពេលដែលចុះកិច្ចសន្យា៕