ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នឹង​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ​នៅពេលឆាប់ៗនេះ

0

ដោយៈ​វុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន នៃ​អាកាសចរណ៍​ស៊ីវិល​បាន​អះអាងថា ក្រុមហ៊ុន​វិស័យ​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​ហោះហើរ​ឡើងវិញ​ជា​ប្រក្រតី​នៅ​ប៉ុន្មាន​ខែ​មុខ​ទ​ទៀត បន្ទាប់ពី​ពិភពលោក រួម​ជាមួយនឹង​កម្ពុជា​អាច​ទប់ស្កាត់​ការ​រា​ត្បា​ត​ពី​ជំងឺ​កូ​វីដ១៩ ។

លោក​ខាន់ វណ្ណា អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា នៅមុន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ មានការ​ហោះហើរ និង​ប្រតិបត្តិការ​ច្រើន​ទាំង​ក្រុមហ៊ុន​នៅក្នុង​ស្រុក និង​មកពី​ក្រៅ​ស្រុក​ចូលមក​កម្ពុជា ប៉ុន្តែ​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ទៅវិញ ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ។

លោក​បន្តថា “ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន៦ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នៅក្នុង​ប្រទេស ហើយ​ក្រុមហ៊ុន​ទាំង៦ នេះ​នឹង​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ នៅក្នុង​រយៈពេល​ប៉ុ​ន្មា​ខែ​ខាងមុខ​ទៀត បន្ទាប់ពី​មានការ​ទប់ស្កាត់​ពី​ជំងឺ​កូ​វីដ១៩បាន១០០ភាគរយ” ។

លោក​បន្ថែមថា វិស័យ​អាកាសចរណ៍​វិ​ស៊ីវិល​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​កន្លងមកនេះ មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយសារ​រាជរដ្ឋាភិបាល​បាន​បើកចំហរ​គោលនយោបាយ​ជើងមេឃ  និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​របស់​ចិនធំៗ មក​វិនិយោគ​លើ​អា កាស​យានដ្ឋាន​នៅក្នុង​ប្រទេស និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍ មក​បណ្តាក់ទុន​វិនិយោគ​ផងដែរ។ ជាពិសេស​ប្រទេស​កម្ពុជា របស់​យើង​មាន​សក្តានុពល​ខ្ពស់ សំរាប់​បំរើឱ្យ​វិស័យ ទេសចរណ៍  ។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា វិស័យ​ទេសចរណ៍ ពឹង​ផ្អែកលើ​ភ្ញៀវ​មកពី​ក្រៅ​ស្រុក ជាពិសេស​មកពី​ប្រទេស​ចិន ហើយ​នៅពេល​ដែលមាន​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ មិន​ថា​ក្រុ​ហ៊ុន​អាស​កាស​ចរណ៍​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក វិស័យ​ទេសចរណ៍​មានសង្ឃឹម​ឡើងវិញ។

លោកស្រី​បន្តថា “ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ វិស័យ​ទេសចរណ៍​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវទេសចរ​បរទេស ដោយសារ​មានការ​បិទ​ជើងហោះហើរ​មិន​ថា​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ដោយសារ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ១៩” ។

លោកស្រី​ឆាយ ស៊ីវ​លីន បាន​បន្តថា កត្តា​មួយទៀត​វា​ជា​សញ្ញា​ល្អ​មួយ​ដែរ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប​ញ្ជា​ទិញ​វាក់​សាំង និង​ពិភពលោក រក​ឃើ​ង​នូវ​ថ្នាំ​វាក់​សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩នេះ ដែល​នឹង​ធ្វើឱ្យ​សន្ទុះ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ ព្រោះ​មនុស្ស​អាចធ្វើ​ដំណើរ និង​ប្រទេស​មួយចំនួនទៀត​បើកចំហរ​ប្រទេស​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here