ដោយវឌ្ឍនៈ
ភ្នំពេញៈ ទំនិញនាំចូលទាំងអស់ ត្រូវបានរាយការណ៍នៅការិយាល័យគយ ឬទីកន្លែងផ្សេងទៀត ទៅតាមការកំណត់របស់នាយកទីចាត់ការគយនិងរដ្ឋាករ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចេញប្រកាសកំណត់ពេលវេលា របៀបរបបតម្រូវការឯកសារ កាលៈទេសៈ និងការលើកលែងនានា ពាក់ព័ន្ធនឹងការរាយការណ៍ ពីទំនិញនាំចូល(មាត្រា ១០) ។
គ្មានជនណាម្នាក់អាចរើទំនិញចេញ ពីមធ្យោបាយដឹកជញ្ជូនពេលមកដល់កម្ពុជាបានទេ មុនពេលដែលទំនិញទាំងនេះ ត្រូវបានរាយការណ៍ដល់គយស្របតាមច្បាប់នេះ លើកលែងតែក្នុងករណីដែលសុវត្ថិភាព មធ្យោបាយដឹកជញ្ជូនទំនិញ ជននានាលើមធ្យោបាយដឹកជញ្ជូន ឬតតិយជនផ្សេងទៀតត្រូវបានគំរាម កំហែងក្នុងល័ក្ខខ័ណ្ឌមានអាសន្ន ដូចចែងក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មាត្រា ១២) ។
រដ្ឋបាលគយអាចអនុញ្ញាត ឲ្យទំនិញដូចមានចែងក្នុងមាត្រា១០ នៃច្បាប់នេះយកចេញពីកន្លែងបំពេញ បែបបទបញ្ចេញទំនិញពីគយមុនពេលបង់ពន្ធ អាករ និងកម្រៃនានាបន្ទាប់ពីបានបំពេញទម្រង់ការគយរួច និងនៅក្រោមការត្រួតពិនិត្យគយ ក្នុងគោលបំណង
- ធ្វើសន្និធិគយបណ្តោះអាសន្ន
- ធ្វើសន្និធិគយមានដែនកំណត់
- ដឹកជញ្ជូនបន្តក្នុងរង្វង់ ឬតាមដែនគយ ឆ្ពោះទៅគម្យដ្ឋានតាមតម្រាយផ្លូវស្របច្បាប់ និងក្នុងរយៈពេលកំណត់ដោយគយរួមមាន ការឆ្លងកាត់ ការផ្ទេរមធ្យោបាយដឹកជញ្ជូន ឬ ការដឹកជញ្ជូនឆ្ពោះទៅកាន់មកពីឬរវាងការិយាល័យ និងភណ្ឌាគារគយនានា (មាត្រា ១៣) ។
ទំនិញនាំចូលទាំងឡាយ អាចទទួលបានការអនុញ្ញាត ដោយរដ្ឋបាលគយឲ្យយកចេញតាមរបប ប្រវេសន៍កាលិក ប្រសិនបើក្នុងពេលនាំចូលអាចត្រូវបានបង្ហាញថា ទំនិញទាំងនោះនឹងត្រូវនាំចេញទៅវិញ។ ទំនិញនាំចូលបណ្តោះអាសន្ន ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យគយ រហូតដល់ពេលដែលល័ក្ខខ័ណ្ឌផ្សេងៗ តាមរបបប្រវេសន៍កាលិកត្រូវបានបំពេញរួច(មាត្រា ១៥)៕