ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចចេញអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទលើកលែងតែប្រភេទសំណង់ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក ដើម្បីជួយជំរុញការវិនិយោគនៅក្នុងវិស័យសំណង់ និងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។
នៅក្នុងអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានចំនួន២២ទំព័រ ១២ជំពូក និង៥៩មាត្រា បានបញ្ជាក់យ៉ាងលម្អិតទៅលើសមត្ថកិច្ចនៃការគ្រប់គ្រង ការអនុញ្ញាត និងការសម្រេចផ្សេងៗពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍសំណង់ផ្សេងគ្រប់ប្រភេទដែលស្ថិតនៅក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី។
នៅក្នុងអនុក្រឹត្យបានបញ្ជាក់ពីបទប្បញ្ញត្តិទូទៅ ស្ថិតនៅក្នុងមាត្រា១បានបញ្ជាក់ថា អនុក្រឹត្យនេះបានកំណត់ពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការបញ្ចប់សុពលភាព ការបន្តសុពលភាព ការព្យួរ និងការដកហូតអាជ្ញារបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ក៏ដូចជាលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ក្នុងគោលបំណងសំខាន់ៗដូចជា ធានាបាននូវគុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងសាធារណៈជន។
បន្ថែមពីនេះនៅមានធានាដល់ការងារសិក្សាគម្រោងប្លង់ ការងារសាងសង់ និងការងាររុះរើអនុលោមតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់។ ធានាគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់ បង្កើនជំនឿទុកចិត្តរបស់សាធារណៈជនលើសំណង់ រួមជាមួយនឹងការជំរុញការវិនិយោគនៅក្នុងវិស័យសំណង់ និងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។
នៅក្នុងអនុក្រឹត្យដដែលក៏បានបញ្ជាក់ថា វិសាលភាពអនុវត្តអាចប្រព្រឹត្តទៅចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក៕