ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ទីតាំងចំនួន៤កន្លែងស្ថិតនៅក្នុងខេត្តព្រះសីហនុត្រូវបានក្រសួងរ៉ែ និងថាមពល ប្រកាសពីការធ្វើអាជីវកម្មដីល្បាយខ្សាច់ ដែលមានទំហំសរុបចំនួនជិត៧០០ហិកតា ស្ថិតនៅក្នុងស្រុកចំនួន២ផ្សេងគ្នា រួមជាមួយនឹងការប្រកាសជ្រើសរើសក្រុមហ៊ុនស្របច្បាប់ដើម្បីធ្វើអាជីវកម្មផងដែរ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេច និងអនុញ្ញាតឱ្យធ្វើអាជីវកម្មដីល្បាយខ្សាច់ទៅលើទីតាំងចំនួន៤កន្លែង ដែលមានទំហំសតុបចំនួន៦៨៨.២ហិកតា។
ទីតាំងដែលនឹងត្រូវអនុញ្ញាតឱ្យធ្វើអាជីវកម្មដីល្បាយខ្សាច់ក្នុងទ្រង់ទ្រាយធំប្រចាំខេត្តនេះ រួមមានទី១ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ៣១៨,៧០ហិកតា ទី២ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទំហំ៨១,៥០ហិកតា ទី៣ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ៦០ហិកតា និងទី៤ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ២២៨ហិកតា ក្នុងខេត្តព្រះសីហនុ។
ដោយឡែកសម្រាប់បណ្តាក្រុមហ៊ុន និងសហគ្រាស ក៏ដូចជានីតិបុគ្គលដែលមានបំណងចូលរួមប្រកួតប្រជែងដើម្បីបានធ្វើអាជីវកម្មនៅតាមទីតាំងដូចដែលមានជម្រាបជូនខាងលើនេះ ត្រូវចាត់តំណាងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួនមកទទួលពាក្យ និងចុះឈ្មោះនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ អគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល អគារលេខ៧៩-៨៩ វិថីប៉ាស្ទ័រ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវលិខិតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម។ ដោយឡែកចំពោះអ្នកតំណាងដែលមកចុះឈ្មោះត្រូវមានសិទ្ធិប្រទានពីប្រធានក្រុមហ៊ុន។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រុមហ៊ុនមួយអាចទទួលបានពាក្យស្នើសុំច្រើនទីតាំងបាន ប៉ុន្តែក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចទទួលបានឯកសារប្រកួតប្រជែងបានតែមួយគត់សម្រាប់មួយទីតាំង៕