ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ តំបន់ស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនៅតែជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍជាប្រភេទដីឡូត៍សម្រាប់អ្នកមានប្រាក់ចំណូលទាប និងមធ្យម ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃក្រោមមធ្យម និងមធ្យមកំពុងចាប់ផ្តើមបង្ហាញវត្តមានជាបណ្តើរៗ។
លោកស្រីឧកញ៉ា សុខ ស្រីអូន ដែលជាវិនិយោគិនអចលនទ្រព្យបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា កត្តាដែលជំរុញឱ្យវិនិយោគិនជាច្រើនងាកទៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ គឺដោយសារតែតំបន់នេះមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ហើយក្នុងនោះវត្តមាននៃសំណង់រោងចក្រជាច្រើនក៏គ្រោងនឹងបង្ហាញរូបរាងនៅតំបន់ទាំងនោះក្នុងពេលខាងមុខនេះ។
លោកស្រីបានបន្តថា “នៅពេលអនាគត តម្រូវការទីផ្សារលំនៅឋានតម្លៃសមរម្យ និងក្រោមមធ្យមសម្រាប់អ្នកចំណូលទាប និងមធ្យមក៏ដូចជាតម្រូវការដីសម្រាប់សាងសង់លំនៅឋានក្នុងតំបន់ភាគខាងលិចនឹងកើនឡើងកាន់តែខ្លាំង ដោយសារតែបងប្អូនកម្មករកម្មការិនី ដែលផ្លាស់ពីទីក្រុងទៅកាន់តំបន់នោះ ហើយត្រូវការដីធ្លីសម្រាប់សង់លំនៅឋាន ឬផ្ទះដែលមានតម្លៃសមរម្យផងដែរ” ។
លោកស្រីបន្ថែមថា “រាល់គម្រោងអភិវឌ្ឍជាប្រភេទដីឡូត៍ និងលំនៅឋានដែលមានតម្លៃសមរម្យ និងក្រោមមធ្យមនៅតំបន់ភាគខាងលិច គឺជាចក្ខុវិស័យដែលវិនិយោគិនជាច្រើនកំពុងរៀបចំធ្វើ ក្រោមការសម្លឹងឃើញពីតម្រូវការទីផ្សារជាក់ស្ដែងក្នុងពេលដ៏ខ្លីខាងមុខនេះ រួមជាមួយនឹងឱកាសដែលទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគ”។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅឋាននៅតំបន់ជាក្រុងបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ដីដោយការពុះជាដីឡូត៍លក់ជូនពលរដ្ឋដែលមិនមានលទ្ធភាព គឺមិនត្រឹមតែសម្រួលដល់ពលរដ្ឋដែលជាអតិថិជនដែលមានចំណូលទាបប៉ុណ្ណោះទេ តែវាក៏បានជួយដល់ចំណូលជាតិតាមរយៈការបង់ពន្ធប្រថាប់ត្រានៅពេលកាត់ប្លង់កម្មសិទ្ធិជូនអតិថិជនផងដែរ។ ទាំងនេះ គឺជាសកម្មភាពដ៏ល្អមួយសម្រាប់សង្គមជាតិ តែយ៉ាងណាក្ដី ពលរដ្ឋក៏ត្រូវគិតគូរថ្លឹងថ្លែងមុននឹងសម្រេចចិត្តទិញគម្រោងដីឡូត៍ពីក្រុមហ៊ុនណាមួយដែលមានភាពត្រឹមត្រូវច្បាស់លាស់ និងប្រាកដថាជាដីស្របច្បាប់៕