កំពង់ស្ពឺទាក់ទាញបានរោងចក្រសហគ្រាសសរុបជាង៧០០ទីតាំងរហូតដល់ពេលបច្ចុប្បន្ននេះ

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ កំពង់ស្ពឺ ដែលជាខេត្តកំពុងមានសក្ដានុពល និងទាក់ទាញគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បាន និងកំពុងប្រមូលផ្តុំទៅដោយបណ្តារោងចក្រសហគ្រាសសរុបប្រមាណជា៧០០ទីតាំង និងផ្តល់ឱកាសការងារជាង១៣ម៉ឺនកន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅរបស់វិនិយោគិនជាតិ និងអន្តរជាតិជាច្រើន រួមមានអ្នកវិនិយោគជាជនជាតិខ្មែរ ចិន កូរ៉េ ជប៉ុន និងកុងហុងជាដើម ដែលសរុបជាង៧០០រោងចក្រ សហគ្រាសធនតូច និងមធ្យមនៅទូទាំងខេត្ត។

លោកបានបន្តថា នេះគឺជាមោទនភាពបំផុតចំពោះខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងទទួលបាននូវការអភិវឌ្ឍរោងចក្រសហគ្រាសរីកដុះដាលដូចផ្សិតនៅពេលនេះ ដោយបច្ចប្បន្នខេត្តកំពង់ស្ពឺមិនដូចពីអតីតកាលទៀតទេ ហើយខេត្តមួយនេះកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ និងកំពុងតែស្រូបយកម្លាំងពលកម្មពីបណ្តាខេត្តផ្សេងៗរាប់ម៉ឺនកន្លែងផងដែរ។

លោកអភិបាលបានបញ្ជាក់ថា ការបង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរ និងបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិជ្រកក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើន ស្មើមុខស្មើមាត់ ដូចបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្នតំបន់សំខាន់ៗដែលកំពុងមានភាពទាក់ទាញក្នុងការដាក់ទីតាំងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មនៃខេត្តកំពង់ស្ពឺកំពុងរីកសាយភាយនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ ផ្លូវលេខ៤១ ផ្លូវជាតិលេខ៤៤ រួមជាមួយគម្រោងនៃបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលមានតម្លៃសរុបរាប់រយលានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here