ដោយៈ រ៉ាណេត
ភ្នំពេញៈ ដោយមើលឃើញពីចំណុចចន្លោះប្រហោងនៃការវាស់វែង និងកំណត់ព្រំក្បាលដីក្នុងគោលដៅផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលឯកជនរបស់រដ្ឋ ដោយគ្មានការពិនិត្យនិងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី និងបង្កឱ្យមានវិវាទដីធ្លី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញនូវគោលការណ៍ចំនួន៤ សម្រាប់អនុវត្ត។
យោងតាមលិខិតដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សង្កេតឃើញថា មានករណីនៃការវាស់វែងនិងកំណត់ព្រំក្បាលដី ក្នុងគោលដៅផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលឯកជនរបស់រដ្ឋ ដោយគ្មានការពិនិត្យនិងផ្ទៀងផ្ទាត់ ពីរដ្ឋបាលសុរិយោដី ដែលធ្វើឱ្យនិយាមកានៃក្បាលដីខ្វះភាពសុក្រឹត្យ ជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី។
លោកនបញ្ជាក់ថា ដើម្បីចៀសវាងបញ្ហាដូចបានរៀបរាប់ខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្មើក្រសួង ស្ថាប័នដែលជាអាជ្ញាធរកាន់កាន់ដីរដ្ឋ និងរដ្ឋបាលរាជធានី ខេត្ត អនុវត្តដូចជា ទី១- រាល់ការអង្កេតវាស់វែងសុរិយោដីនៃក្បាលដី ត្រូវអនុវត្ត និងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ក្នុងការវាស់វែង កំណត់ព្រំក្បាលដីស្របតាមមាត្រា ២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល។
ទី២- រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែងកំណត់និយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋាន ទិន្នន័យសុរិយោដី។ ទី៣- រាល់ទិន្នន័យវាស់វែងក្បាលដី ក្នុងគោលដៅស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអង្គភាពគ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្នន័យ សុរិយោដីទូទាំងប្រទេស ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ជាមុន។
ទី៤- រាល់ការជួលដីឯកជនរបស់រដ្ឋ ត្រូវធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុន។
នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ថា រាល់ការកំណត់អនុវត្តនូវគោលការណ៍ទាំង៤ចំណុចនេះ គឺធ្វើឡើងដើម្បីប្រាកដថា មានសុក្រឹត្យភាពមិនជាន់ក្បាលដីគ្នា និងអាចបញ្ចៀសនូវរាល់បញ្ហាវិវាទដីធ្លី បានយ៉ាងប្រសើរនៅទូទាំងប្រទេស៕