ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកក្របានត្រឹមតែសុបិន ខណៈដែលអ្នកមានប្រែក្លាយក្តីសុបិនរបស់ខ្លួន
ឲ្យក្លាយជាការពិត”។ នេះគឺជាទស្សនៈមួយដ៏ត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ។
លោកឧកញ៉ានួន អកម្ចាស់គំរោងកំពតឋានសួគ៌ និងគំរោងវិនិយោគជាច្រើនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននាថ្ងៃនេះថា ទម្លាប់ប្រចាំថ្ងៃ ដែលអ្នកក្រភាគច្រើនមើលរំលងនេះហើយ ដែលធ្វើឲ្យខ្លួនឈរនៅឆ្ងាយពីក្រោយអ្នកមាន រើបម្រាស់មិនរួចពីភាពក្រីក្រ។
លោកបានបន្តលើកជាសំណួរថា តើអ្នកមានបានសង្កេតឲ្យបានដិតដល់ហើយឬនៅថា ខ្លួនអ្នកនៅមានទម្លាប់មួយចំនួន ដែលផ្ទុយទៅនឹងគោលការណ៍ភាពជាអ្នកមាន។ ចាប់ពីចំណុចទី១ ដល់៣ខាងក្រោមនេះ តើអ្នកបានបង្កើតទម្លាប់ទាំងនេះហើយ ឬនៅ ដើម្បីសម្រេចបានភាពឯករាជ្យភាពហិរញ្ញវត្ថុរបស់អ្នក?
១. ការមិនរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់គ្រាមានអាសន្ន
ចំណុចគ្រោះថ្នាក់មួយ ដែលគេមើលឃើញជាទូទៅនៅក្នុងស្រទាប់អ្នកក្រ គឺការមិនបានរៀបចំគម្រោងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ឲ្យបានត្រឹមត្រូវ នៅពេលមានអាសន្ន (Emergency Funds)។ អ្នកក្របានបរាជ័យ ក្នុងការរៀបចំថវិកាមួយផ្នែកសម្រាប់គម្រោងនេះឡើង ដែលជាហេតុធ្វើឲ្យខ្លួននឹងងាយធ្លាក់ខ្លួន ឬបន្តស្ថិតនៅក្នុងភាពក្រីក្រទៀត នៅពេលមានការចំណាយចាំបាច់ណាមួយកើតមានឡើងភ្លាមៗ ដូចជា ត្រូវការប្រាក់សម្រាប់សុខភាព ការបាត់បង់ការងារ ឬការបរាជ័យក្នុងជំនួញជាដើម។
ខុសពីអ្នកក្រ អ្នកមានបានគិតគូររួចហើយលើគម្រោងមួយនេះ ដែលនេះវាមិនងាយធ្វើឲ្យពួកគេធ្លាក់ខ្លួន ឬអាចធ្វើឲ្យខ្លួនរើបម្រាស់ខ្លួនពីភាពក្រីក្របាន។
២.មិនបានវិនិយោគ ឬវិនិយោគមិនទាន់គ្រប់គ្រាន់
សម្រាប់ស្រទាប់អ្នកមានប្រាក់ស្តុកស្តម្ភ ការវិនិយោគគឺជាមុខជំនួញដ៏ចាំបាច់បំផុតមិនអាចខ្វះបាន។ អ្នកមានយល់ថា ការវិនិយោគគឺជាប្រភពនៃប្រាក់ចំណូល ទោះបីជាពេលខ្លះបរាជ័យ ឬទទួលបានផលចំណេញតិចមកវិញក៏ដោយ។ ការវិនិយោគដ៏ពេញនិយមរបស់អ្នកមាន គឺអចលនទ្រព្យ ផ្សារភាគហ៊ុន និងបង្កើតមុខជំនួញផ្សេងៗជាដើម។
យ៉ាងណាមិញ ការយកលុយទាំងដុលៗទៅវិនិយោគ វាក្លាយជារឿងមួយដ៏គួរឲ្យភ័យខ្លាចសម្រាប់អ្នកក្រីក្រ។ អ្នកក្រជាទូទៅ ខ្វះការសម្រេចចិត្ត គ្មានទំនុកចិត្ត និងចំណេះដឹងការវិនិយោគ មានភាពភ័យខ្លាច មិនហ៊ានប្រថុយ ដែលជាហេតុ ធ្វើឲ្យមនុស្សជំពូកនេះ ពិបាកសម្រេចបានភាពជោគជ័យលើឯករាជ្យភាពហិរញ្ញវត្ថុ។ អ្នកគួរសាកល្បងរៀនវិនិយោគ ចាប់តាំងពីលុយបន្តិចបន្តួចទៅ កុំរង់ចាំលុយច្រើនបានវិនិយោគ។ វិនិយោគផង រៀនវិនិយោគផង អ្នកនឹងមានចំណេះដឹងកាន់តែច្បាស់ ពីរបៀបវិនិយោគតាមអ្នកមានបាន។
៣. គ្មានគោលដៅសម្រាប់រយៈពេលវែង
ចំណុចដ៏គួរឲ្យអាណិតអាសូរមួយទៀតរបស់អ្នកក្រនោះគឺថា ពួកគេជាមនុស្សរកមួយថ្ងៃចាយមួយថ្ងៃ មិនបានគិតគូរវែងឆ្ងាយពីអនាគតហិរញ្ញវត្ថុរបស់ខ្លួន។ ពួកគេគ្មានក្តីសុបិនច្បាស់លាស់ មិនដឹងថាចង់បានអ្វីនៅថ្ងៃខាងមុខ? ចង់បានអនាគតបែបណា? មានការងារអ្វី? រកលុយដោយវិធីណា? ត្រូវរកលុយឲ្យបានប៉ុន្មាននៅក្នុងឆ្នាំក្រោយ២ឆ្នាំខាងមុខ៥ឆ្នាំខាងមុខ? ។សម្រាប់អ្នកមាន គឺមានភាពច្បាស់លាស់នៅត្រង់ចំណុចនេះ។
អ្នកមានបានគិតគូរវែងឆ្ងាយ ពីអ្វីដែលខ្លួនត្រូវសម្រេចបាន នៅក្នុងរយៈពេល៥ ឬ ១០ឆ្នាំខាងមុខ។
ពួកគេមានយល់ថា ដើម្បីសម្រេចបានគោលដៅខាងមុខ ខ្លួនត្រូវធ្វើអ្វីខ្លះ? ដោយវិធីណា? ប្រើពេលប៉ុន្មាន? ការមានផែនការគោលដៅជីវិត គឺជារឿងមិនអាចខ្វះបានសម្រាប់អ្នកមាន៕