ច្បាប់វិនិយោគថ្មីនឹងផ្ដល់ភាពអនុគ្រោះកាន់តែច្រើនដល់កាវិនិយោគនៅកម្ពុជា

0

ដោយៈ លក្ខិណា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់ ហ្មត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីទ្រទ្រង់ និងគាំទ្រសេដ្ឋកិច្ច សង្គម សំដៅជួយរក្សាលំនឹងផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ នូវវិធានារកែទម្រង់មុតស្រួចនានា ដូចជាការកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តដើម្បីកែសម្រួល និងបង្កបរិយាកាសល្អ សម្រាប់ធុរជន និងនិយោគិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។

យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបានបង្ហាញឱ្យដឹងថា ច្បាប់វិនិយោគថ្មីនឹងផ្ដល់របបវិនិយោគកាន់តែអនុគ្រោះថែមទៀត ដើម្បីទាក់ទាញធុរកិច្ចកាន់តែច្រើន ជាពិសេសបណ្ដាក្រុមហ៊ុន ដែលកំពុងងាកមករកទីតាំងផលិតកម្មថ្មីនៅតំបន់អាស៊ាន ។ រាជរដ្ឋាភិបាលក៏កំពុងរៀបចំច្បាប់ស្ដីពី យន្តករភាពជាដៃគូរវាងរដ្ឋ និងឯកជន គម្រោងធានាឥណទានរបស់រដ្ឋ ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ គំនិតផ្ដួចផ្ដើមរៀបចំសេដ្ឋកិច្ចឌីជីថលជាដើម។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នៅខែវិច្ឆិកា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននៅខែតុលា ឆ្នាំ២០២០ ព្រមទាំងដំណើរឆ្ពោះទៅមុខ នៃការចរចាកិច្ចព្រមព្រៀងដូចគ្នាជាមួយសាធារណរដ្ឋកូរ៉េ គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់នានាផង ជំរុញការស្ដារ និងពង្រឹងសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ផង។

សេចក្តីប្រកាសដដែលនេះបានបង្ហាញថា ស្ថានការណ៍ទាំងនេះ កាន់តែបញ្ជាក់ច្បាស់ពីភាពត្រឹមត្រូវ និងចាំបាច់បំផុត ក្នុងការផ្លាស់ប្តូររបៀបរបបការងារពីការធ្វើការទូតតាមប្រពៃណីមកជាការទូតដែលផ្ដោតសំខាន់ដល់ការលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ព្រមទាំងប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យក្លាយជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។​

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ កម្ពុជាងាយនឹងទទួលរងនូវផលប៉ះពាល់ពីការផ្លាស់ប្តូរនិងវិបត្តិពីខាងក្រៅ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវតែខិតខំទ្វេដង ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យមានភាពរឹងមាំ និងអាចឆ្លើយតបទៅនឹងវិបត្តិនេះ ប្រកបដោយប្រសិទ្ធភាព។

ក្នុងបរិបទនេះ ការអនុវត្តការទូតសេដ្ឋកិច្ច មានគោលដៅពង្រឹង និងលើកស្ទួយគោល​នយោបាយការបរទេស ដើម្បីការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យា​នុភាពរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើវិបុលភាពសេដ្ឋកិច្ចជាប្រយោជនស្នូលបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here