ដោយគង់ សូរិយា
ភ្នំពេញៈ ប្លង់គោលប្រើប្រាស់ដី គឺជាប្លង់ឬផែនទី ដែលកើតចេញពីការគិតគូរ និងរៀបចំផែនការទុកជាមុន សម្រាប់បំពេញតម្រូវការនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ទៅតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍរបស់សង្គមណាមួយ។
គ្រប់ផ្នែក គ្រប់វិស័យនៃរាល់សម័យកាលសង្គម សុទ្ធតែត្រូវការដីធ្លី ដើម្បីទ្រទ្រង់ជីវិត និងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។
លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ស្ទើតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បាននឹងកំពុងរៀបចំ និងអនុវត្តន៍ប្លង់គោល ប្រើប្រាស់ដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយចាត់ទុកវាជាត្រីវិស័យគ្រឹះសម្រាប់តម្រង់ទិស នៃការអភិវឌ្ឍឱ្យបានសមស្រប និងប្រកបដោយចីរភាព។ ជាមួយគ្នានេះ កម្ពុជាយើងក៏បានខិតខំព្យាយាមកសាងបញ្ចប់ និងកំពុងអនុវត្តគម្រោងទាំងឡាយយ៉ាងផុលផុស បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមខ្លះក៏ដោយ។
ជាក់ស្តែង យើងបានសម្រេចកិច្ចការប្លង់គោលជាច្រើន ដូចជា ប្លង់គោលក្រុងតាខ្មៅ ទីប្រជុំជនជ្រៃធំ នៃខេត្តកណ្តាល ក្រុងបាត់ដំបង ក្រុងសៀមរាប…និងផែនការរៀបចំដែនដីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ។ល។
តាមរយៈទស្សនៈខាងលើឃើញថា រាល់តម្រូវការ ឬការរៀបចំណា ដែលខ្វះផែនការ ឬខ្វះការគិតគូររៀបចំទុកជាមុនសមស្រប នោះលទ្ធផលទទួលបានច្រើនតែជាគម្រោងច្របូកច្របល់ មានភាពលំបាកស្មុគស្មាញ ហើយអាចធ្វើឱ្យខាតបង់ថវិកា និងធនធានច្រើននៅពេលអនុវត្តជាក់ស្តែង។ រាល់កត្តាទាំងនេះ នឹងធ្វើឱ្យស្នាដៃសម្រេចបានរបស់យើងខ្វះការចាប់អារម្មណ៍ និងមិនមានការគាំទ្រច្រើនពីអ្នកជំនាញ និងមហាជនទូទៅ។
ជាការពិតណាស់ រដ្ឋាភិបាលគឺជាអ្នកគាំពារ និងធានាខុសត្រូវលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអនុវត្តច្បាប់ដោយតម្លាភាពនៅក្នុងសង្គមជាតិ។ ដូចនេះពេលណានិយាយដល់តម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវិឌ្ឍចីរភាព ចាំបាច់ត្រូវរៀបចំផែនការទុកឱ្យបានល្អ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរៀបចំផែនការដីធ្លីសមស្របនៅគ្រប់កម្រិត ចាំបាច់ត្រូវមានការគិតគូរ និងសិក្សាកសាងឱ្យមានលក្ខណៈស៊ីចង្វាក់គ្នាជាមួយប្រទេសនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
ទោះជាយ៉ាងណា នៅក្នុងកិច្ចការបច្ចេកទេស គេអាចកសាងផែនការដីធ្លីទ្វេរទិសបាន គឺរៀបចំពីកម្រិតថ្នាក់ក្រោមឡើងទៅលើ ឬពីលើចុះក្រោម តាមការកំណត់របស់ប្រទេសនីមួយ។ ផែនការថ្នាក់លើ ជាមូលដ្ឋានគោលសម្រាប់កសាងផែនការថ្នាក់ក្រោម និងផែនការថ្នាក់ក្រោម ជាមូលដ្ឋានលម្អិតច្បាស់លាស់ សម្រាប់កែតម្រូវផែនការថ្នាក់លើឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍរបស់សង្គម។
មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១- ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តគម្រោង ហើយរដ្ឋមិនចំណាយធនធាននិងថវិកាច្រើន។
ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។
ទី២- កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។
ទី៣- បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។
ទី៤- រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ច សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។
ទី៥- សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេសស្ថិតនៅក្នុងទីប្រជុំជនក្រុង មានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ។
ក្រៅពីនេះ នៅមានសំណង់មិនរៀបរយតាមចំណីព្រែក ស្ទឹង ទំនប់ ប្រឡាយ បឹងបួរ និងសំណង់ ទន្ទ្រានចំណីផ្លូវ ដែលជាដីសាធារណៈរបស់រដ្ឋ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទេសភាព បរិស្ថាន និងសង្គម។
ទី៦- ផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នឹងអាចជួយដល់ ការកំណត់ប្រភេទប្រើប្រាស់ដី ពេលចេញបណ្ណកម្មសិទ្ធិបានសុក្រឹត្យ គាំទ្រដល់ការចុះបញ្ជីដីបានលឿននិងសមស្រប គ្រប់គ្រងប្រើប្រាស់ដី ចំគោលដៅ លើកស្ទួយរាល់ការអភិវឌ្ឍតាមកម្រិតថ្នាក់រដ្ឋបាលនៃគម្រោង ដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀនផ្សារ…និងជាឆ្អឹងខ្នងគោលនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រៅពីនេះ វាជាមូលដ្ឋានកំណត់ពន្ធដារបានត្រឹមត្រូវតាមតម្លៃ និងគុណភាពដី និងអាចជួយប្រែក្លាយទៅជាទីក្រុង ឬប្រទេសល្អស្អាតក្នុងការប្រលងប្រណាំងជាមួយអន្តរជាតិ។
ទី៧ កិច្ចការបន្ថែមដែលរដ្ឋត្រូវធ្វើ និងទទួលខុសត្រូវពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី គឺរៀបចំច្បាប់និងបទប្បញ្ញត្តនៅពេលកសាង និងអនុវត្តឱ្យបានច្បាស់លាស់ ដូចជា កាលណាចាប់ផ្តើមអនុវត្តន៍ប្លង់គោល គឺពិតជាប៉ះពាល់ដីឬសំណង់កម្មសិទ្ធិ ឬដីភោគៈរបស់ពលរដ្ឋហើយ វាគ្រាន់តែច្រើនឬតិចប៉ុននោះ បញ្ហានេះតើរដ្ឋត្រូវកំណត់ជាច្បាប់ ឬបទប្បញ្ញត្តិគតិយុត្តដោះស្រាយយ៉ាងដូចម្តេច? ដោយឡែកចំពោះការប៉ះពាល់ តើរដ្ឋបានកញ្ចប់ថវិកាមកពីណា?។
ក្រៅពីនេះ ដើម្បីដោះស្រាយជាមួយអ្នកប៉ះពាល់ ! តើរដ្ឋគួរត្រូវកំណត់ពន្ធដារបន្ថែមកម្រិតណា?ដោយរបៀបម៉េច? ទៅលើអ្នកទទួលផលពីប្លង់គោលដែលបានអនុម័ត ឬសាងសង់គម្រោង រួចរាល់និងធ្វើឱ្យដីធ្លីឡើងថ្លៃ។ បច្ចុប្បន្នដីធ្លី អចលនទ្រព្យឡើងថ្លៃដោយសារការកសាងផ្លូវ (ក្រវាត់ក្រុង ផ្លូវល្បឿនលឿន ផ្លូវក្នុងខេត្តក្រុង) លំនៅឋានថ្មី (បូរីឬខុនដូ) រោងចក្រ (សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស) ឬបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗជាច្រើនទៀតរបស់រដ្ឋ គឺរាជរដ្ឋាភិបាលមិនទាន់ គោលការណ៍ ដើម្បីកំណត់ក្នុងការចូលរួមចំណែកឱ្យបានសមស្រប និងសមធ៌ពីអ្នកដែលបានទទួលផលពីគម្រោងរបស់រដ្ឋនៅឡើយ។
នៅពេលខាងមុខ ប្រសិនបើមានកញ្ចប់ថវិកាពន្ធដារ ដែលរដ្ឋប្រមូលបានមកពីប្លង់គោល ជាយោបល់ គួរអាចត្រូវបានយកមកប្រើប្រាស់សម្រាប់បង្វិលក្នុងការដោះស្រាយផលប៉ះពាល់ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬអភិវឌ្ឍគម្រោងនៅសល់ ឬសម្រាប់សិក្សាកសាង និងកែសម្រួលគម្រោង។ល។
ដូចនេះ ប្លង់គោលប្រើប្រាស់ដី គឺជាឧបករណ៍សម្រាប់ព្យាករណ៍ការអភិវឌ្ឍចីរភាពនៃផែនការអនាគត។ វាបានគិតគូរនិងបង្ហាញពីទិសដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិ ស្ថានប្រកបដោយប្រសិទ្ធភាព ពិសេសការផ្តោតលើកំណើនប្រជាសាស្ត្រ និងតម្រូវការរស់នៅ ការអភិវឌ្ឍរបស់មនុស្សជាតិនៅតាមតំបន់ និងផ្នែកនីមួយ។
គម្រោងប្លង់គោលនឹងជួយពង្រឹងដល់ដំណើរការអភិវឌ្ឍ ការអភិរក្ស និងភាពសមាហរណកម្មដោយសុខដុមនីយកម្ម ក្នុងសង្គមជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ ប្រសិនបើមានប្លង់គោល ឬផែនការ ហើយខ្វះថវិកាគាំទ្រដើម្បីអនុវត្តតាមគម្រោងអាទិភាព ឬខ្វះការអនុវត្តតាមប្លង់គោលពេលចុះបញ្ជីឬចរន្តការដីធ្លី នោះផែនការរបស់យើង គ្រាន់តែជាក្រដាស “ស ”មួយសន្លឹកគ្មានតំលៃអ្វីទាំងអស់ ប្រៀបដូចជាការស្រមើស្រមៃក្នុងយោសប្តិ ដែលក្រោយពេលភ្ញាក់ពីដំណេក អ្វីៗគ្រប់យ៉ាងវារលត់សូន្យទាំងអស់។
ជារួមប្លង់គោលប្រើប្រាស់ដី គឺជាផែនទីឧបករណ៍ចង្អុលបង្ហាញផ្លូវ យ៉ាងសំខាន់បំផុតនៃដំណើររៀបចំ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់សម័យកាល៕