ដោយៈ រ៉ាណេត
បាត់ដំបងៈ ជាខេត្តដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ និងល្បីល្បាញសំរាប់ប្រជាជនក្នុងស្រុក ខេត្តបាត់ដំបងនៅមានភាពទាក់ទាញមានកម្រិត លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ។
តើអ្វីជាបញ្ហាប្រឈម ដែលរារាំងដល់ការអភិវឌ្ឍនៅក្នុងខេត្តមានសក្តានុពលមួយនេះ?។
សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia ដែលបានតាមដានការវិវត្តផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ខេត្តបាត់ដំបងមានសក្តានុពលទេសចរណ៍ធម្មជាតិ និងកសិទេសចរ ណ៍ ប៉ុន្តែសក្តានុពលលើវិស័យអចលនទ្រព្យនៅមានកម្រិត ដោយសារលក្ខខ័ណ្ឌមួយចំនួនដូចជា ទី១ វាជាខេត្តឆ្ងាយ បើគិតពីរាជធានីភ្នំពេញ ខណៈហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ផ្លូវអាកាសមិនទាន់សាងសង់ ទី២ ប្រជាជននៅមូលដ្ឋានធ្វើចំណាកស្រុកច្រើន ដែលធ្វើឲ្យសក្តានុពល ឬកំលាំងទិញនៅមូលដ្ឋានថយចុះ។
ទី៣ អំណាចនៃការទិញនៅក្នុងមូលដ្ឋានមិនសូវសម្បូរបែប ដោយសារចំនួនប្រជាជនថ្មីហូរចូលទៅកាន់ទីក្រុងនេះនៅមានកម្រិត ពិសេសវាបានក្លាយជាតំបន់ឆ្លងកាត់សំរាប់អ្នកដំណើរ និងទី៤ ការពង្រីកមូលដ្ឋាននៃការអភិវឌ្ឍ និងអំណាចស្រូបទាញការវិនិយោគនៅមានកម្រិត ព្រោះវាជាខេត្តឆ្ងាយមួយ ជាតំបន់មួយដែលគេនឹកដល់ ប៉ុន្តែគេមិនចង់រស់នៅ និងធ្វើអាជីវកម្ម ដោយសារសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត មិនសូវមានភាពរសរវើក ប្រជាជនតិច។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបង បើប្រៀបធៀបជាមួយនឹងខេត្តសៀមរាប ឬប៉ោយប៉ែត គឺមានភាពខុសគ្នាឆ្ងាយ ដោយសារតែខេត្តបាត់ដំបងមានវិសាលភាពធំទូលាយ ប៉ុន្តែមិនសូវមានចំនួនប្រជាជនរស់នៅច្រើននោះទេ។
លោកបានបន្តថា “បើនិយាយពីខេត្តសៀមរាប វាជាគោលដៅពាណិជ្ជកម្មទេសចរណ៍ ហើយប៉ោយប៉ែតជាតំបន់ពាណិជ្ជកម្មពិសេស និងជាតំបន់ច្រកព្រំដែនដែលមានកំណើនប្រជាជនរស់នៅច្រើន ដូច្នេះសកម្មភាពនៃការអភិវឌ្ឍ ក្នុងវិស័យសំណង់ដើម្បីផ្គត់ផ្គង់តម្រូវការគឺមានច្រើន។ លោកបន្ថែមថា “ដោយឡែកសម្រាប់ខេត្តបាត់ដំបង ហាកើនៅឆ្ងាយបន្តិចពីក្រសែភ្នែករបស់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់”។
លោកសុខនីមបានបន្តថា បច្ចុប្បន្នយើងឃើញថា មានការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងក្រុងក្នុងរូបភាពជាបណ្តុំលំនៅដ្ឋាន ឬជាប្រភេទលំនៅ ដ្ឋានដាច់ដោយឡែកតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជាប្រភេទបណ្តុំលំនៅដ្ឋាន ឬលក្ខណៈជាបុរីគឺមាននៅតំបន់ជាយក្រុង ប៉ុន្តែមិនមានច្រើនគម្រោងនោះទេ។ សម្រាប់បណ្តុំលំនៅដ្ឋានថ្មីដែលត្រូវបានសាងសង់ និងដាក់លក់នៅលើទីផ្សារក្នុងតម្លៃជាង១០ម៉ឺនដុល្លារឡើងទៅ ប៉ុន្តែសម្រាប់លំនៅដ្ឋាន នៅតាមជាយក្រុងត្រូវបានដាក់លក់ ក្នុងតម្លៃក្នុងចន្លោះពី៧-១០ម៉ឺនដុល្លារក្នុងមួយខ្នង”។
យ៉ាងណាក៏ដោយលោកបានប្រធានសមាគម បានធ្វើការវាយតម្លៃថា ភាពរីកចម្រើន និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានក្នុងបាត់ដំបង អាចកើនឡើងនៅក្នុងរយៈពេលប្រមាន៣-៥ឆ្នាំខាងមុខទៀត។
លោកអភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះសកម្មភាពនៃការវិនិយោគ ទៅលើគម្រោងសំណង់ធំៗ ដូចជា បុរីលំនៅដ្ឋាននៅក្នុងខេត្តគឺនៅមានកម្រិតនៅឡើយ ដែលក្នុងនោះភាគច្រើនឃើញ មានត្រឹមតែជាបណ្តុំលំនៅដ្ឋានក្នុងទ្រងទ្រាយមធ្យម ឬជាលក្ខណៈឯកជនដាច់ដោយឡែកតែប៉ុណ្ណោះ។
លោកបន្តថា “បច្ចុប្បន្ននេះរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងនៅក្នុងក្រុង ក៏ដូចជា នៅក្នុងខេត្តទាំងមូលផងដែរ ជាពិសេសផ្លូវថ្នល់ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃ”។
ដោយឡែកពកា់ព័ន្ធទៅនឹងគម្រោងនៃការវិនិយោគ អភិវឌ្ឍពីសំណាក់វិស័យឯកជនទៅលើវិស័យសំណង់ នៅមិនទាន់មានសកម្មភាពធំដុំនៅឡើយនោះទេ។
លោកងួន រតនៈបានបន្តថា “ក្នុងនាមជាអាជ្ញាធរ ខ្ញុំសូមធ្វើការលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យសំណង់ឱ្យបានច្រើន ស្របពេលដែលគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល កំពុងដំណើរសាងសង់យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ”៕