ដោយគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបញ្ជាក់ថា ស្ថាប័នចំនួនបីទៀត នឹងរើទៅកាន់តំបន់បឹងតាមោក គឺមានអគ្គបញ្ជាការដ្ឋានកងទ័ព រួមទាំងការសាងសង់មន្ទីរពេទ្យ២កន្លែង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា សម្តេចនឹងចេញអនុក្រឹត្យកែប្រែ ទំហំផ្ទៃបឹងតាមោកឡើងវិញ ព្រោះការចេញអនុក្រឹត្យលើកមុនខុស ពីស្ថានភាពជាក់ស្តែងរបស់បឹងលិចទឹកនៅខាងជើងរាជធានីភ្នំពេញមួយនេះ។
សម្តេចតេជោ ក៏បានប្រកាសដែរថា សម្តេចមិនយល់ស្របនឹងការលុបបឹង ឬប្រឡាយ ដែលបិទមុខទឹកនោះទេ។ ប៉ុន្តែសម្តេចគាំទ្រនូវការលុបបឹងប្រឡាយ សម្រាប់ការអភិវឌ្ឍន៍ ព្រោះការលុបបឹងប្រឡាយនេះមិនមែនទើបតែធ្វើឡើងក្នុងសម័យសម្តេចដឹកនាំប្រទេសនោះទេ។ ការលុបបឹងប្រឡាយ ដើម្បីតែអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញប៉ុណ្ណោះ។
បច្ចុប្បន្ននេះ នៅតំបន់បឹងតាមោកកំពុងមានគម្រោងអភិវឌ្ឍន៍ និងសាងសង់សំណង់ជាច្រើនក្រោមការវិនិយោគដោយវិស័យឯកជន ដូចជា ការសាងសងើសំណង់លំនៅដ្ឋាន និងគម្រោងសាងសង់អគារស្ថាបប័នរដ្ឋជាដើម រួមជាមួយនឹងគម្រោងបង្កើតជាទីតាំងបម្រើដល់សេវាទេសចរណ៍ផងដែរ៕