ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ប្លង់គោលនៃទីក្រុងជ្រៃធំ បាននិងកំពុងជិតទទួលបានការអនុម័តពីថ្នាក់ជាតិហើយ បន្ទាប់ពីពង្រាងនេះបានដាក់ឆ្លងមន្រ្តីជំនាញថ្នាក់ខេត្ត និងថ្នាក់ជាតិប៉ុន្មានលើករួចហើយ។
អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល លោកបណ្ឌិត វ៉ាន់ វ៉ាត បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ការងាររៀបចំប្លង់គោលក្រុងតាខ្មៅ និងក្រុងជ្រៃធំកំពុងប្រព្រឹត្តិទៅយ៉ាងរលូន និងកំពុងរង់ចាំការអនុម័តពីថ្នាក់ក្រសួង និងប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា រដ្ឋាភិបាលនឹងរៀបចំតំបន់ជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាទីក្រុងថ្មីមួយនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម។ លោកបន្តថា “ការបង្កើតទីក្រុងនៅតំបន់ជ្រៃធំ ដើម្បីពង្រីកការអភិវឌ្ឍន៍ ក៏ដូចជា ដើម្បីការពារបូរណភាពដែនដី និងដែនអធិបតេយ្យភាពកម្ពុជាផងដែរ”។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានបន្តថា ការបង្កើតទីក្រុងកាន់តែច្រើនជារឿងល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះនៅពេលមានការរៀបចំជាទីក្រុង នឹងមានការអភិវឌ្ឍនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីក្លាយជាទីក្រុងមួយប្រកបដោយភាពស៊ីវិល័យ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងផងដែរថា លោកស្វាគមន៍នឹងផែនការបង្កើតទីក្រុងថ្មីៗរបស់រដ្ឋាភិបាលនៅតាមបណ្តាស្រុកនានា ព្រោះវានឹងជួយឲ្យតំបន់នោះមានភាពរីកចម្រើន ហើយនឹងទាក់ទាញការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគលំនៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដោយសារពេលរដ្ឋាភិបាលរៀបចំជាក្រុង នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ហើយវានឹងធ្វើឲ្យតំបន់នោះមានភាពទាក់ទាញ និងរីកចម្រើនលឿន។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងពីរឿងនេះដោយសម្តេចបានថ្លែងថា ក្រសួងមហាផ្ទៃនឹងរៀបចំទីក្រុង នៅតាមទីប្រជុំជនស្រុក និងបណ្តាឃុំដែលមានការរីកចម្រើននានាឲ្យក្លាយជាទីក្រុង ដើម្បីពង្រីកការអភិវឌ្ឍនៅតាមមូលដ្ឋាន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ព្រោះការរៀបចំជាទីក្រុង នឹងធ្វើឲ្យតំបន់នោះ កាន់តែមានភាពទាក់ទាញពីអ្នកវិនិយោគជាតិ និងអន្តរជាតិនានា។ សម្តេចបន្តថា “ការរៀបចំទីក្រុងនៅតាមបណ្តាស្រុក និងឃុំមួយចំនួន ក៏ជាការផ្តល់សេវាដល់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងជម្រុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋានកាន់តែឆាប់រហ័ស”៕