ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ ជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីបង្កើនលទ្ធភាពជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារមហាយក្សចិន ក្រោមការចូលរួមយ៉ាងសកម្មពីវិស័យឯកជន គម្រោងបង្កើតតំបន់សេដ្ឋកិច្ច កសិ-ឧស្សាហកម្មពិសេស ដែលគាំទ្រដល់ដំណើរការផលិត និងនាំចេញស្របតាមស្តង់ដារ នឹងបង្ហាញខ្លួននៅក្នុងខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗខាងមុខនេះ។
គម្រោងសាងសង់ និងបង្កើតជាតំបន់សេដ្ឋកិច្ច កសិ-ឧស្សាហកម្មពិសេស ដែលគ្រោងនឹងបង្ហាញវត្តមាន នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ ជាការបណ្តាក់វិនិយោគពីសំណាក់ក្រុមហ៊ុន Khmer Holding Group ដែលជាក្រុមហ៊ុនកំពុងមានសកម្មយ៉ាងសកម្មនៅក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា វាជាដំណឹងល្អ ហើយលោកឧកញ៉ាក៏បានបង្ហាញពីការគាំទ្រ ទៅលើគម្រោងនៃការបង្កើតតំបន់សេដ្ឋកិច្ច កសិ-ឧស្សាហកម្មពិសេស ដែលមានអត្ថប្រយោជន៍សម្រាប់ការបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ាបន្តថា “បើអាច យើងគួរតែមានការបង្កើតតំបន់សេដ្ឋកិច្ច កសិ-ឧស្សាហកម្មពិសេស នៅតាមបណ្តាខេត្តគោលដៅផ្សេងទៀតៗ ជាពិសេសនៅក្បែរតំបន់ផលិតតែម្ដង ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន ពីទីតាំងផលិតមកកាន់ទីកន្លែងកែច្នៃ វេចខ្ចប់ សម្រាប់ធ្វើការនាំចេញ”។ លោកបន្តថា “ប៉ុន្តែអ្វីដែលជាបញ្ហាគឺនៅត្រង់ថា ចំណេះដឹង និងបច្ចេកទេសនៃការដាំដុះ របស់ប្រជាកសិកររបស់យើងអាចធ្វើឡើង ស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារបានកម្រិតណា”។
លោកឧកញ៉ាបានលើកឡើងថា យើងមានឱកាស មានទីផ្សារដ៏ធំទូលាយរង់ចាំទទួលយកទំនិញពីយើង ប៉ុន្តែប្រសិនបើទំនិញរបស់យើង មិនគ្រប់តាមតម្រូវការនៃស្ដង់ដាទីផ្សារក៏យើងគេមិនយក ហើយយើងនឹងខាតបង់កាន់តែច្រើន។ ដូច្នេះក្រៅពីមានផែនការបង្កើនការផលិត ការបង្កើតជាតំបន់សេដ្ឋកិច្ចកសិ-ឧស្សាហកម្មពិសេស យើងក៏ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀតផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានមានប្រសាសន៍ថា កសិកម្មកម្ពុជាមានសក្តានុពល តែខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលមានឱ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែង កែច្នៃ និងនាំចេញ ឆ្លើយតបតាមតម្រូវការទីផ្សារ គឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបង្ហាញពីកិច្ចគាំទ្រ ចំពោះគម្រោងនៃការបណ្តាក់ទុនវិនិយោគ ដោយការបង្កើតជាវិទ្យាស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Khmer Holding Group ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ នាយកគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន Khmer Holding Group បានមានប្រសាសន៍ថា ក្រុមការងារជំនាញបានចុះសិក្សា និងជ្រើសរើសរកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ប្រើឱ្យវិស័យកសិ-ឧស្សាហកម្ម នៅក្នុងខេតកតកំពង់ស្ពឺរួចរាល់ហើយ ដោយទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាព រង់ចាំតែការវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្តិ ដើម្បីដាក់ជូនទៅក្រុមប្រឹ ក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច៕