រដ្ឋបាលខេត្តព្រះសីហនុសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៨៤ក្បាលដីនៅលើកោះរ៉ុង

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ក្រោយការសិក្សា និងពិនិត្យលម្អិតទៅលើភាពមិនប្រក្រតីលើការស្នើសុំកាន់កាប់ដីជាកម្មសិទ្ធិនៅលើកោះរ៉ុងដែលកំពុងមានគម្រោងអភិវឌ្ឍន៍យ៉ាងសម្បើមពីសំណាក់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅលើដីចំនួន៥៨៤ក្បាលដី និងបន្តចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលប៉ះពាល់ដីកម្មសិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាប្រភេទដីកោះដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋតាមអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌជួលវិនិយោគ។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង ៦៣៧ក្បាលដី ស្មើនឹងទំហំ ៥២៨,៣៧ហិកតា។

ដោយឡែកទីតាំងដីចំនួន ៥៨៤ក្បាលដី (ដូចមានក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ) គណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដោយយោងលើហេតុផលទី១. ប្រជាពលរដ្ឋមិនមានអាសយដ្ឋានអចិន្ត្រៃយ៍លើកោះ មានចំនួន ៣៦០ក្បាលដី។ ទី២. ទីតាំងដីគ្មានទិន្នន័យ មានចំនួន ៧២ក្បាលដី។ ទី៣. ទីតាំងដីទំនាស់មានចំនួន ១០៧ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៤៧ក្បាលដីប្រជាពលរដ្ឋនៅក្រៅកោះចំនួន ៦០ក្បាលដី និងទី៤. ទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះចំនួន ៤៥ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៣៦ក្បាលដីនិងប្រជាពលរដ្ឋនៅក្រៅកោះចំនួន ០៩ក្បាលដី។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបន្ថែមថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណា រួមមានឯកសារសម្គាល់លេខក្បាលដី (ចុងសន្លឹក) លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ-លក់ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬប្រថាប់ត្រាមេធាវី ឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជន(រវាងគូភាគី) គំនូសបង្ហាញទីតាំងដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមនឹងក្បាលដីក្នុងប្លង់សុរិយោដីចំនួន ៥៨៤ក្បាលដី ដែលគណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់ជូនជាកម្មសិទ្ធិ គឺជាឯកសារដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងនោះទេ។

ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលស្គាល់លើការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំ ហ៊ីប៉ូតែកប្រទានកម្មអច្ច័យទាន សន្តតិកម្ម ។ល។ និងសិទ្ធិទាំងឡាយដែលពាក់ព័ន្ធទៅនឹងទីតាំងទាំង ៥៨៤ក្បាលដី និងដីដែលកាន់កាប់ខុសច្បាប់ដទៃផ្សេងទៀតដូចមានឯកសាររៀបរាប់ខាងលើ លើកលែងក្បាលដីដែល ត្រូវបានចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយរដ្ឋបាលសុរិយោដីរួចហើយ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតដោយមិនលើកលែងចំពោះជន ណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ ដូចមានក្នុងមាត្រា២៥៩ នៃច្បាប់ភូមិបាលចែងថា «ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលានរៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬរនិងផ្តទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងមាត្រា ៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ «រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន” ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល និងជនណានៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យប្រឆាំងតបតនឹងអ្នករាជការសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here