ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ជាពិសេសគម្រោងនៃការចាន់អនុវត្តជាធរមាននៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ វិស័យឯកជននៅកម្ពុជាបានបង្ហាញពីក្ដីសាទរជាមួយនឹងក្ដីរំពឹងថា នឹងកាន់តែបង្កភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្ម ក៏ដូចជាជំរុញការនាំចេញកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងនាមតំណាងវិស័យឯកជនសូមសម្ដែងនូវការសាទរ និងរីករាយជាមួយនឹងការបញ្ចប់លើកិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េកាលពីម្សិលមិញនេះ ជាពិសេសគម្រោងនៃការចាប់អនុវត្តនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ហើយរំពឹងថានឹងកាន់តែបង្កើនឱកាសនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកាន់តែទូលំទូលាយ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាការស្វាគមន៍របស់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន ព្រោះជាយុទ្ធសាស្ត្រសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងក្នុង និងពង្រីកខាងក្រៅ គឺជាអ្វីដែលយើងចង់បាន”។
លោកឧកញ៉ាបានបញ្ជាក់ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក៏នឹងជំនួសឱ្យ EBA, GSP ដែលអនាគតនឹងបាត់បង់។ ដូច្នេះ បើការពង្រីកទីផ្សារ ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយប្រទេសដទៃទៀតឱ្យបានច្រើន មិនត្រឹមតែកូរ៉េទេ គឺនៅមានជប៉ុន ឥណ្ឌា សហភាពអាស៊ី-អឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងថ្នាក់តំបន់ RCEPជាដើម ដែលជាការជំរុញទីផ្សារពាណិជ្ជកម្មរបស់យើងឱ្យមានកំណើនសេដ្ឋកិច្ចបានយ៉ាងប្រសើរ”។
លោកថា ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ទៅ ការធ្វើពាណិជ្ជកម្មដៃគូរវាងវិនិយោគិន ក៏ដូចជាក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសនានានៅលើពិភពលោកជាមួយកម្ពុជានឹងកាន់តែមានភាពរីកចម្រើនជាមួយនឹងទំនុកចិត្តខ្ពស់ ព្រោះក្រៅពីមានការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងបណ្តាប្រទេសមួយចំនួនទៀតដែលអាចនឹងចូលជាធរមាន កម្ពុជាក៏មានតុលាការពាណិជ្ជកម្មជួយដោះស្រាយនួវវិវាទពាណិជ្ជកម្មស្របតាមផ្លូវច្បាប់ប្រកបដោយតម្លាភាពផងដែរ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបានកាន់តែច្រើនបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា ផលិតផលសម្លៀក បំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផល កសិកម្ម ជាដើម។ ដោយឡែកសម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារអគ្គិសនី ភេសជ្ជៈ ឱសថ និង ផលិតផលផ្លាស្ទិក ដែលមានទំហំពាណិជ្ជកម្មសរុបប្រមាណ១ពាន់លានដុល្លារកាលពីឆ្នាំ២០២០កន្លងទៅនេះ៕