ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន នឹងបើកកិច្ចប្រជុំលើកទី២១នៃគណៈកម្មាធិការចម្រុះរវាងប្រទេសទាំងពីរនៅថ្ងៃទី១១ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ ក្នុងគោលបំណងបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា កិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ខាងលើនេះ នឹងដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងរវាង ប្រទេសកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីនៃជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយ នៃយន្តការថែទាំអ្នកវិនិយោគ ដែលបានផ្តល់ឱកាស ឲ្យអ្នកវិនិយោគជប៉ុន លើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕