សម្ដេច​តេ​ជោ​គ្រោង​ចរចា​ជាមួយ​ចិន​សម្រួលការ​ធ្វើដំណើរ​រ​វាង​ប្រទេស​ទាំង២ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ពី​គម្រោង​នៃ​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ រវាង​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ទូលាយ ជាពិសេស​ពិភាក្សា ទៅលើ​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​អនុវត្តន៍ នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំ២០២១នេះ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ស​ន្និសិទ​សារព័ត៌មាន​នៃ​ឱកាស​ទទួល​វ៉ាក់សាំង ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​នៅ​ល្ងាច​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក​ថា សម្ដេច​កំពុងតែ​ពិចារណា ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​មួយ​ដែល​អាចជួយ​សម្របសម្រួល ក្នុងការ​ធ្វើដំណើរ​ទៅមក​តាមបែប​ណាមួយ​នោះ ដែល​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ប្រកបដោយ​សុវត្ថិភាព និង​អាចជួយ​ដល់​បណ្តា​ធុរកិច្ច​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ដោយ​បញ្ហា​នេះ​តម្រូវឱ្យមាន​ការពិភាក្សា​ដោយ​ម៉ត់ចត់។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា “ឧទាហរណ៍ ពេលដែល​អ្នកវិនិយោគ​កម្ពុជា​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន តើ​ត្រូវ​បន្ត​ឱ្យធ្វើ​ច​ត្តា​លី​ស័ក្តិ រយៈពេល១៤ថ្ងៃ​តទៅទៀត ហើយ​ជនជាតិ​ចិន​មក​កម្ពុជា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ ឬ​ត្រូវ​កាត់បន្ថយ។សម្តេច​បន្តថា “ចំណុច​អស់ទាំង​នេះ គឺ​ក្លាយជា​ប្រធានបទ​ដ៏​រសើប និង​ត្រូវតែ​យកចិត្តទុកដាក់” ។

សម្តេច​បាន​បន្តថា បទពិសោធន៍ ឥឡូវ​កម្ពុជា​បាន​រង​នូវ​សម្ពាធ ហើយ​តាមរយៈ​នៃ​ការរង​សម្ពាធ​នោះ គឺ​យើង​បានឃើញ​នូវ​ចំណុច​មួយចំនួន ដែល​មិនអាច​លើកលែង​បាន។ចំណុច​ខ្លះ​ដែល​មិនអាច​លើកលែង​បាន។ សម្ពាធ​ដែល​កម្ពុជា​ទទួលបាន ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ពី​ទិស​ខាងលិច (ប្រទេស​ថៃ) ការឆ្លង​ក្នុង​សហគមន៍ ដ៏​លឿន​នៅក្នុង​ប្រទេស​ថៃ ដែល​មុន​ការឆ្លង​ក្នុង​សហគមន៍​នោះ ប្រទេស​ថៃ​មាន​មនុស្ស​ឆ្លង​ប្រមាណ​ជាង៦ទៅ ៧ពាន់​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​ថ្ងៃនេះ​បាន​កើន​ប្រមាណ ២៣០០០នាក់។

ឯ​ផ្នែក​ខាងកើត (ប្រទេស​វៀតណាម) គឺ​ឆ្លង​ក្នុង​ល្បឿន​មួយ​លឿន ហើយ​បើតាម​ព័ត៌មាន​មានការ​ឆ្លង​កូ​វីដ​ក្លែងភេទ​ទៀតផង ដែល​បាន​រីក​រាលដាល​រហូតមក​ដល់​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​ព្រំដែន​កម្ពុជា គឺ​ខេត្ត​មណ្ឌល​គី​រី។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ពន្យល់ថា “ដូច្នេះហើយ​ទើប​ខ្ញុំ​ប្រកាសអាសន្ន កុំឱ្យ​មានការ​ឆ្លងកាត់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ទោះជា​យ៉ាងណា ពេលនេះ​ស្ថានភាព​នៃ​ការ​រាលដាល ក្នុងប្រទេស​ទាំង២ត្រូវបាន​កាត់បន្ថយ និង​ធូរ​ស្រាយ​វិញ​ហើយ” ។

ពាក់ព័ន្ធ​ទៅនឹង​ការទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ១៩ ដែលជា​ជំនួយ​ពី​សំណាក់​មហាមិត្ត​ចិន​ចំនួន ១លាន​ដូ​ស ដែល​ក្នុង​ជំហាន​ដំបូង​បាន​មកដល់​កម្ពុជា​ចំនួន៦០ម៉ឺន​ដូ​ស និង​បន្ត​មក​ពេល​ក្រោយ​ទៀត​ចំនួន ៤០ម៉ឺន​ដូ​ស​ទៀត គឺជា​ការបង្ហាញឱ្យឃើញ​ពី​គុណ​តម្លៃ​នៃ​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ទេ្វ​ភាគី​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង២ក្នុងនាម​ជា​មហាមិត្ត​ដែកថែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here