ដោយៈ គង់ សូរិយា
ភ្នំពេញៈ មេដឹកនាំទេសចរណ៍មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន ពិគ្រោះគ្នាយ៉ាងយកចិត្តទុកដាក់ និងសម្រេចឯកភាពគ្នាដាក់ទិសដៅជំរុញ ចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរបានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន។
លោកទ្រី ឈីវប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍កម្ពុជានៅសណ្ឋាគារសូហ្វីតែភ្នំពេញភូកេត្រា។
លោកបន្តថា “ក្នុងចំណោមផែនការដែលអាស៊ានដាក់ចេញ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក៏មានការដាក់ទិសដៅសំខាន់មួយផងដែរ គឺការជំរុញចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរ បានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន”។
អាស៊ានបានជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្ត្រមួយបង្កើតឱកាសការងារផ្សេងៗ ជាពិសេសផ្ដោតលើតំបន់ជនបទ។ យុទ្ធសាស្ត្រនេះ គឺផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ធម្មជាតិនៅតាមសហគមន៍ និងទេសចរណ៍ព្រឹត្តិការណ៍ ដូចជាពិធីបុណ្យទេសចរណ៍ជាដើម។
សមាជិកអាស៊ានក៏បានឯកភាពគ្នាធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការជំរុញទេសចរផ្ទៃក្នុងនៃប្រទេសរៀងៗខ្លួន ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្ត។
នាពេលកន្លងមក កម្ពុជាក៏ដូចជាអាស៊ាន ក៏បានយកចិត្តទុកដាក់ខ្ពស់ដែរ ទៅលើការអភិវឌ្ឍសមាគមន៍ទេសចរណ៍ ឬទេសចរណ៍ធម្មជាតិនេះ គឺបានចាត់ទុកជាអាទិភាពមួយដែល ប៉ុន្ដែដោយឆ្លងនូវវិបត្តិកូវីដ១៩នេះ អាស៊ានឃើញថាជាឱកាស ព្រោះថាមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដូច្នេះវាជាឱកាសមួយដែលអាចជំរុញទេសចរក្នុងស្រុក ហើយការជំរុញនេះ ក៏អាចជួយសម្រាលដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍តាមសហគមន៍ ឬនៅតាមតំបន់ជនបទ។
ច្បាស់ណាស់ថា វិស័យទេសចរណ៍ក្នុងស្រុក មិនអាចប៉ះប៉ូវទៅនឹងការខាតបង់លើវិស័យទេសចរណ៍អន្តរជាតិ ប៉ុន្ដែវាជាវិធីសាស្ត្រមួយ ដើម្បីជួយឲ្យគាត់នៅរស់រៀនមានជីវិត ដោយពួកគាត់អាចនៅបន្តការងារគាត់បាន។
លោកទ្រី ឈីវ បានមានប្រសាសន៍ថា អាស៊ានបានបង្កើនការយកចិត្តទុកដាក់បន្ថែមទៅលើការអភិវឌ្ឍ គឺការជំរុញទេសចរណ៍ក្នុងស្រុកររៀងៗខ្លួនតាមរយៈការចែករំលែកបទពិសោធន៍ ហើយនឹងមានកិច្ចប្រជុំគ្នាតទៅមុខទៀត។
ជាធម្មតា កម្ពុជាត្រូវធ្វើជាម្ចាស់វេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២១នៅកម្ពុជា ប៉ុន្ដែដោយបញ្ហាកូវីដ អាស៊ានមិនអាចរៀបចំបានទល់មុខគ្នា រួមទាំងមិនអាចរៀបចំពិព័រណ៍ដែលវាជាព្រឹត្តិការណ៍មួយដ៏ធំ ដូច្នេះសមាជិកអាស៊ានក៏បានគាំទ្រកម្ពុជាឲ្យលើកការរៀបចំវេទិការទេសចរណ៍ពេញលក្ខណៈនេះទៅធ្វើនៅឆ្នាំ២០២២។
ជាលទ្ធផលនៃការទន្ទឹងរង់ចាំរបស់ប្រទេសសមាជិកអាស៊ាន ចាប់ពីពេលនេះដល់ឆ្នាំ២០២២ ប្រទេសសមាជិកទាំងអស់គេទុកចិត្តកម្ពុជា ក្នុងការដឹកនាំនូវកិច្ចប្រជុំផ្សេងៗដើម្បីឲ្យស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់៕