លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សរជនដំបូងគេដែលទទួលវ៉ាក់សាំងការពារកូវីដ១៩នៅព្រឹកថ្ងៃស្អែកនេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ។


លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រៅពីលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលនឹងទទួលវ៉ាក់សាំងការពារកូវីដ១៩នៅព្រឹកថ្ងៃស្អែកនេះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែរដូចជា លោកហ៊ុន ម៉ានិត, លោកហ៊ុន ម៉ានី, លោកឌី វិជ្ជា, លោកសុខ ពុទ្ធិវុធ, លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិកមិញនេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចដាក់ឲ្យដំណើរការក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានពីមហាមិត្តចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដោយការចាក់វ៉ាក់សាំងនឹងត្រូវធ្វើជាដំណាក់ៗកាល ទៅតាមចំនួនវ៉ាក់សាំងដែលទទួលបានរួចហើយ និងវ៉ាក់សាំងដែលអាចនឹងទទួលបាននៅក្នុងពេលឆាប់ៗខាងមុខនេះ។
ការចាក់វ៉ាងសាំងកូវីដ១៩ នឹងប្រព្រឹត្តទៅដោយមានចំនួន៤ទីតាំង រួមមាន៖ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here