រោងចក្រស៊ីម៉ងត៍ចំនួន៥នៅកម្ពុជាផលិតស៊ីម៉ងត៍បាជិត៨លានតោនដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់

0

ដោយ៖ ប៊ី

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ចំនួន៥ នៅប្រទេសកម្ពុជាផលិតស៊ីម៉ងត៍បាន៧,៩លានតោនកាលពីឆ្នាំមុន បានកើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ខណៈការកើនឡើងនេះបានឆ្លុះបញ្ជាំងពីកំណើនៃតម្រូវការស៊ីម៉ងត៍នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានថ្លែងប្រាប់អ្នកសារពត័ត៌មានកាលម្សិលម៉ិញថា ការផលិតស៊ីម៉ងត៍នៅកម្ពុជា ពុំបានធ្លាក់ចុះនោះទេ ទោះបីជាប្រឈមនឹងស្ថានភាពកូវីដ១៩ ក៏ពិតមែន ប៉ុន្តែផ្ទុយទៅវិញផលិតភាពស៊ីម៉ងត៍របស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដែលជាសមាជិកសមាគម ជារួមបានកើនឡើងប្រមាណ៧ភាគនៅឆ្នាំ២០២០ ហើយកំពុងបន្តមានកំណើនបន្តបន្ទាប់ទៀត នៅដើមឆ្នាំ២០២១នេះតែម្តង។

លោកបានថ្លែងថា ការបន្តរក្សាបាននូវកំណើនបែបនេះ ដោយសារតែកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នូវសំណង់ អគារនានា ជាមួយនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពម៉ត់ចត់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានឱ្យដឹងទៀតថា វិស័យនេះនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីជាចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយហេតុតែកម្ពុជា ទទួលបានវ៉ាក់សាំង និងការថមថយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។

លោកបានថ្លែងបន្តថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ និងគិតគូរជួយដល់វិស័យឯកជន នៅក្នុងស្ថានភាពលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ កន្លងមក ជាកត្តាមួយចូលរួមចំណែកជួយដល់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជារីកចម្រើននាពេលនេះ។

រហូតមកដល់ពេលនេះ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុនហើយ ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here